(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានជួបគ្នាតាមប្រព័ន្ធវីដេអូ ពិភាក្សារកយន្តការពង្រឹងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ១៩។
ក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានឆ្លៀតសម្តែងការសោកស្ដាយដ៏ក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះមុខនៃការរាតត្បាតជំងឺកូវីដ១៩ និងបានធ្វើឱ្យប្រជាពលរដ្ឋឥណ្ឌាជាច្រើន បានស្លាប់បាត់បង់ជីវិតដោយសាររោគឆ្លងសាកលមួយនេះ។
ពាក់ព័ន្ធនឹងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាវិញ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងឯកអគ្គរដ្ឋទូតឥណ្ឌា បានជជែកពីវឌ្ឍនភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ដែលបច្ចុប្បន្នក្រុមការងារនៃប្រទេសទាំងពីរកំពុងសហប្រតិបត្តិការជាមួយគ្នាក្នុងការបញ្ចប់លក្ខខណ្ឌនៃសេចក្ដីយោងសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងនេះ។
លោករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញការបង្កើតការក្រុមការងាររួមលើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។
លោករដ្ឋមន្ត្រី ក៏ដូចជាលោកស្រីឯកអគ្គរដ្ឋទូត បង្ហាញការយល់ឃើញដូចគ្នាពីសារសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ សមាសភាគីទាំងពីរ ក៏បានឯកភាព បន្ដពង្រឹងទំនាក់ទំនង ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើង និងបន្ដសហការគា្នយ៉ាងស្អិតល្មួតទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញនៅក្នុងឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា សម្រេចបានជាង ១៩០លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជាង ៦១លានដុល្លារ ហើយនាំចូលពីឥណ្ឌាមានទឹកប្រាក់ជិត ១២៩លានដុល្លារអាមេរិក៕