(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារអបអរសាទរទៅវិញទៅមក ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្សី។
តាមសារលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមប្រជាជនកម្ពុជា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសោមនស្សរីករាយចូលរួមអបអរសាទរជាមួយលោកជំទាវ និងប្រជាជនរុស្សី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ រុស្សីប្រកបដោយមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពដ៏ជ្រាលជ្រៅបំផុត»។
«ប្រទេសយើងទាំងពីរធ្លាប់មានប្រវត្តិតស៊ូពុះពារឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកៗជាច្រើន ដោយបាន ជួយគាំទ្រគ្នាទៅវិញទៅមក និងសហការគ្នាក្នុងកាលៈទេសៈលំបាក ដើម្បីបុព្វហេតុឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍ ប្រឆាំងនិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីខាងក្រៅ»។
ជាមួយនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ជាមួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏មានការរីកចម្រើនគួរជាទីមោទនៈផងដែរ ជាពិសេសតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា» ការបង្កើតក្រុមមិត្តភាពសភាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីក្នុងក្របខ័ណ្ឌអន្តរសភា។
ព្រឹទ្ធសភាកម្ពុជាបន្តគាំទ្រពេញលេញចំពោះសេចក្តីសម្រេចចិត្តនានា ដែលធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ពហុភាគី ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរនិងរួមចំណែកដល់សន្តិភាព ស្ថិរភាពសន្តិសុខ ការអភិវឌ្ឍ និងវិបុលភាពតំបន់ និងអន្តរជាតិ។
ដោយឡែក រវាងព្រឹទ្ធសភា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី សម្តេចវិបុលសេនាភក្តី សាយ ឈុំ យល់ឃើញថា យើងក៏ត្រូវខិតខំជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិតឱ្យបានច្រើន ដើម្បីផ្លាស់ប្តូរចែករំលែកទស្សនៈ បទពិសោធន៍លើមុខងារទាំងបីរបស់សភា និងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហានយោបាយតំបន់ និងអន្តរជាតិ នៅក្នុងក្របខ័ណ្ឌអន្តរសភា៕
ខាងក្រោមនេះ ជាលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី Valentina Matvienko៖