(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មានផ្លូវការ Fresh News នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ សូមប្រកាសជូនសាធារណជនថា មិនមានការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឬចេញ-ចូលទៅតាមបណ្ដាខេត្តនោះទេ ហើយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងចែកចាយតាមបណ្ដាញសង្គមនោះ គឺជាសំឡេងចាស់តាំងពីឆ្នាំ២០២០(ឆ្នាំមុន)មកម្ល៉េះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលអគិតមួយចំនួនដែលមានចេតនាញុះញង់បង្កចលាចល យកសំឡេងរបស់សម្ដេចតាំងពីឆ្នាំមុន មកចែកចាយឡើងវិញ នាំឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅរាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងយ៉ាងដូច្នេះថា «សារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងចែកចាយតាមបណ្ដាញសង្គមនេះ គឺជាសំឡេងចាស់តាំងពីឆ្នាំ២០២០មកម្ល៉េះ ហើយពេលនេះមិនមានការហាមឃាត់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនោះទេ សេចក្តីសម្រេចលេខ១០៤របស់សាលារាជធានីភ្នំពេញចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅមានសុពលភាព។ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ អ្នកប្រឌិតព័ត៌មាននេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់»

លោក កើត ឆែ បានគូសបញ្ជាក់ថា បច្ចុប្បន្នតាមរយៈសេចក្ដីសម្រេចថ្មីដែលបានចេញនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្រួមតំបន់ក្រហម និងតំបន់លឿងទុំ កាន់តែតូចជាងមុន ហើយពង្រីកតំបន់លឿងកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញ បន្ទាប់ការឆ្លងរាលដាលជំងឺកូវីដ១៩ មានការថយចុះជាបន្ដបន្ទាប់។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដោយបង្រួមតំបន់ក្រហមកាន់តែតូចជាងមុន៕