(​វ៉ាស៊ីនតោន​)៖ មេបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក បានប្រកាសថា អាមេរិក​បាន​ដាក់ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-2 នៅ​តំបន់​នេះ ដើម្បី​ចូលរួម​ធ្វើការ​ហ្វឹកហ្វឺន ចាប់តាំងពី​ថ្ងៃ​ពុធ​មកម្ល៉េះ​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មីនា ឆ្នាំ​២០១៦​។​

​បញ្ជាការ​យុទ្ធសាស្ត្រ​របស់​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖ «​យន្តហោះ B-2 ចូលរួម​ធ្វើការ​ហ្វឹកហ្វឺន​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដើម្បី​ការពារ​ដែនអាកាស​។ យន្តហោះ​នេះ បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ទប់ទល់​នឹង​ការវាយប្រហារ​ណាមួយ​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​»។

​គួរបញ្ជាក់​ថា យន្តហោះ​ប្រភេទ B-2 នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបាញ់​គ្រាប់​នុយក្លេអ៊ែរ ក៏ដូចជា​គ្រាប់បែក​មួយ​ចំនួន​ទៀត​។ ការ​ដាក់​ពង្រាយ បាន​ធ្វើឡើង​ស្របពេល​ដែល ស្ថានការណ៍​តំបន់​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង និង​បន្ទាប់​ពី​អាមេរិក និង​ចិន​បាន​តំឡើង​សសៃក​ដាក់​គ្នា​ខ្លាំង​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៕​