(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអាជីវករ សត្តឃាដទូទាំងខេត្ត ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ដើម្បីបានរស់នៅជាក្រុមគ្រួសារតែមួយ និងដើម្បីដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ដែលបងប្អូន មិនអាចដោះស្រាយបាន ក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង។
លោកអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារ សត្តឃាដខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីលោកស្រី អភិបាលរងខេត្ត លោកស្រីអនុប្រធានមន្ទីរកសិកម្ម លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ការិយាល័យកសិកម្ម ប្រធានផ្នែកបសុព្យាបាល លោកស្រីជាម្ចាស់ អាជីវកម្មសត្តឃាដទូទាំងខេត្ត ជិត៣០០នាក់ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានឲ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះ យើងលើកយក៣ចំណុចមកពិភាក្សា ទី១-សំណេះសំណាលសួរសុខទុក្ខបងប្អូន ជាអាជីវករសត្តឃាដទូទាំងខេត្ត ទី២-ពាក់ព័ន្ធមន្ត្រីជំនាញ លើការងារសត្តឃាដ តើមានការគាបសង្កត់ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ របស់បងប្អូន និង ទី៣-ផ្សព្វផ្សាយ និងធ្វើការណែនាំដល់បណ្តាអាជីវករដែលធ្វើអាជីវកម្ម ពិឃាដសត្វទូទាំងខេត្តមិនអនុញ្ញាតឲ្យមាន ការពិឃាដសត្វយកសាច់ នៅរៀងរាល់ថ្ងៃឧបោសថសីល ។
ពាក់ព័ន្ធទៅនឹងសំណូមពររបស់បងប្អូនអាជីវករដែលជាស្ត្រីមេម៉ាយចំនួន១៣នាក់ មានកូនក្នុងបន្ទុកទូទាំងខេត្ត លោកអភិបាលខេត្ត បានឲ្យអ្នកវិនិយោគ ម៉ៅការនៅទីសត្តឃាដដ្ឋាន បញ្ចុះតម្លៃជូនត្រឹម៤០០០រៀល លើតម្លៃដើម៨០០០រៀលក្នុងនោះលោក អភិបាលខេត្ត ជួយចេញជូន ១០០០រៀល ក្នុងមួយក្បាលផងដែរ។ ដោយឡែក ផ្លូវចូលទីសត្តឃាដដ្ឋាននៅភូមិព្រែកស្តី សង្កាត់ លលកស ដែលមានសភាពមិនសមរម្យ លោកអភិបាលខេត្តនឹងចុះទៅពិនិត្យដោយផ្ទាល់ ដោយឲ្យអ្នកវិនិយោគម៉ៅការនៅ ទីសត្តឃាដដ្ឋាន ធ្វើការស្ថាបនាជួសជុល ទៅតាមលទ្ធភាពជាក់ស្តែង។ ខណៈនោះលោកអភិបាលខេត្ត បានឲ្យអាជីវករក្នុងខេត្ត ទាំងអស់ ត្រូវគោរពតាមបទដ្ឋានច្បាប់របស់ក្រសួង និង ថ្នាក់ខេត្តស្រុក ដោយរៀបចំថែរក្សាអនាម័យ ទីសត្តឃាដ ដើម្បីលើកកម្ពស់ បរិស្ថានជុំវិញ ជៀសវាលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និង បង្កាទប់ស្កាត់ការរាលដាលជំងឺឆ្លង និង ត្រូវយោគយល់គ្នា ទៅតាមតម្លៃនៃទីផ្សារ។
ជុំវិញបញ្ហាទាំងអស់នេះ ដែលលោកអភិបាលខេត្តបាន់ដាក់ចេញ ឃើញថាប្រជាពលរដ្ឋដែលជាអាជីវករសត្តឃាដ ក៏បានសាទរ ចំពោះដំណោះស្រាយដ៏សមហេតុសមផល របស់លោកអភិបាលខេត្តផងដែរ ។ ជាងនេះទៅទៀតក្នុងនាមលោកជាសមាជិកគ្រួសារ របស់ប្រជាពលរដ្ឋទាំង ៤៧ម៉ឺននាក់ក្នុងខេត្តទាំងមូល លោកនឹងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធ នឹងបើករង់ចាំប្រជាពលរដ្ឋ Call ចូល ២៤ម៉ោង/២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដែលប្រជាពលរដ្ឋមិនអាចដោះស្រាយបាន ឬក៏ក្នុងករណីដែលមានភាពអយុត្តិធម៌ ណាមួយកើតមានឡើង៕