(មណ្ឌលគិរី)៖ មេយោធា «គ៣» ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងកូនចៅរបស់ខ្លួនសរុប៤នាក់ ត្រូវបានថ្នាក់លើកោះហៅយកទៅសួរនាំនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ដោយសង្ស័យមានការជាប់ពាក់ព័ន្ធ ការបាញ់សម្លាប់សត្វខ្ទីងដ៏កម្រមួយក្បាលនៅស្រុកកោះញែក។ លោក យិន ចន្ទី មេបញ្ជាការយោធាព្រំដែនលេខ១០៣ បានថ្លែងថា លោកបានកោះហៅ មន្រ្តីពាក់ព័ន្ធ៣រូប ដើម្បីសួរនាំ រីឯមេ «គ៣» ឈ្មោះ ហ៊ឹម សុផាត លោកអាចសុំគោលការណ៍ថ្នាក់លើ ដកដំណែងគ្រាដែលមេ «គ៣»រូបនេះសំបូរ រឿងរ៉ាវច្រើន។
លោក កែវ សុភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរី បានថ្លែងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះថា តាមការស្រាវជ្រាវរបស់លោកផ្ទាល់ និងមន្រ្តីរបស់លោកទាក់ទងករណីនេះ ឈានទៅរកការកំណត់មុខសញ្ញាអ្នកប្រព្រឹត្ត រហូតមានពន្លឺ៩០%ហើយ ពីព្រោះមានសាក្សីដែលបានឃើញហេតុការណ៍ ក្នុងរឿងនេះយ៉ាងពិតប្រាកដ។ លោកបានប្រាប់ថា «មន្រ្តីយោធា «គ៣» ដែលជាប់សង្ស័យចំនួន៣នាក់នោះ ទី១-ឈ្មោះ អ៊ុក សារុន ទី២-ឈ្មោះ ឯក សំពៅ និងទី៣-ឈ្មោះ ឈ្មោះ សុខ មករា ព្រមទាំងមានប្រជាជនចំនួន២នាក់ទៀត អាចជាប់ពាក់ព័ន្ធផងដែរ ទី១-ឈ្មោះ យ៉ើល ចេក និងទី២-ឈ្មោះ លាង។ លោក កែវ សុភគ៌ នៅតែអះអាងជំហររបស់ខ្លួនថា លោក នឹងបន្តការស៊ើបអង្កេតករណីនេះ រហូតចប់ចុងចប់ដើម និងឈានទៅរកការឃាត់ខ្លួន ដើម្បីប្រគល់ជូនតុលាការ ចាត់ការតាមផ្លូវច្បាប់។ លោក ឃិន ម៉េងស្រេង មេយោធាខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះបានថ្លែងថា «ជុំវិញករណីសម្លាប់សត្វខ្ទីងនៅស្រុកកោះញែកខាងលើនេះ បើសិនជាខាងជំនាញ ឬអយ្យការស្រាវជ្រាវឃើញមាន មន្រ្តីយោធានោះជាប់ពាក់ព័ន្ធ ក្នុងការបាញ់សម្លាប់មែន គឺទុកឱ្យច្បាប់ចាត់ការតាមនីតិវិធី»។
ស្របពេលនេះដែរ លោក មូល ផាតប្រធានអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី ក៏បានបញ្ជាក់នៅថ្ងៃម្សិលមិញផងដែរថា លោកបានស្នើឱ្យអាជ្ញាធរខេត្ត មន្រ្តីជំនាញពាក់ព័ន្ធរួមទាំងអង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងតំបន់នេះជួយជុំរុញ និងបង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ និងធ្វើការបង្រ្កាបចំពោះការ បរបាញ់សត្វព្រៃគ្រប់ប្រភេទ ក៏ដូចជា ការជួញដូរសត្វព្រៃ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីថែរក្សា និងធ្វើការអភិរក្សធនធានធម្មជាតិ ដូចជា សត្វព្រៃ និងព្រៃឈើ ឱ្យបាននៅគង់វង្ស។ សូមបញ្ជាក់ថា សត្វខ្ទីងជំទង់ដ៏កម្រមួយក្បាលត្រូវបានក្រុមមន្រ្តី ព្រៃការពារមណ្ឌលគិរី ល្បាតប្រទះឃើញងាប់កណ្តាលព្រៃ ក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ត្រង់ចំណុចអូរផ្លាយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។ លោក កែវ សុភ័គ មានការសោកស្តាយជាខ្លាំងបំផុត នៅពេលដែលសត្វកម្រនេះ ត្រូវបានគេបាញ់សម្លាប់ ជាបន្តបន្ទាប់ ហើយករណីនេះ ត្រូវបានមន្រ្តីព្រៃការពារមណ្ឌលគិរី ដាក់ការសង្ស័យទៅលើក្រុមយោធាក្នុងកងអនុសេនាធំទី3 (គ3) ស្រុកកោះញែក ពីព្រោះសាច់របស់សត្វខ្ទីងដែលត្រូវបានគេបាញ់សម្លាប់នោះ ត្រូវបានគេឃើញក្រុមយោធា កំពុងដាក់ហាលព្រោងព្រាតនៅទីនោះ។
លោក មូល ផាត បានបញ្ជាក់ថា «ការបាញ់សម្លាប់សត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅមណ្ឌលគិរី គឺកំពុងឈានទៅរកការបាត់បង់សត្វព្រៃបណ្តើរៗហើយ»។ លោកបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្ត ជួយបង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ដល់មន្រ្តីកងកម្លាំងក្នុងអង្គភាពមួយចំនួន ដែលកំពុងប្រើប្រាស់អាវុធ ដើម្បីបាញ់សម្លាប់សត្វព្រៃដ៏កម្រនេះ។ លោកបានលើកឡើងថា «យើងត្រូវនាំគ្នាថែរក្សាឱ្យបាននូវប្រភេទសត្វព្រៃ តូច-ធំ ក្នុងតំបន់នេះ ពីព្រោះបច្ចុប្បន្ននេះ ខេត្តមណ្ឌលគិរីកំពុងមានការចាប់អារម្ភយ៉ាងខ្លាំងអំពីវិស័យ ធនធានធម្មជាតិព្រៃឈើ សត្វព្រៃដើម្បីបង្ហាញលើឆាកជាតិ និងអន្តរជាតិ»៕