(ឧត្ដរមានជ័យ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋនៅក្នុង ខេត្តឧត្ដរមានជ័យ ។
ក្នុងដំណើរនៃការអញ្ជើញចុះសួរសុខទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជារួមមាន៖ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនទៅជូនដល់បងប្អូនប្រជាពលរដ្ឋ មានដូចជា ចាស់ៗគ្មានទីពឹង កុមារកំព្រា ជនពិការ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២២៥៥ គ្រួសារ ដែលមកពីស្រុកអង្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្ដឧត្ដរមានជ័យ និងបានផ្ដល់ស្រះទឹកចនួន១០ អណ្តូងទឹក២៥ ជូនដល់ប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍រួមផងដែរ ។
នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំប្រើអំពើហឹង្សានានា និងសូមរក្សាអនាម័័យល្អជានិច្ច ហើយត្រូវពិសារទឹកដាំពុះ, កុំសេពគ្រឿងញៀន, ត្រូវបើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកបើកបរត្រូវមានបណ្ណបើកបរឲ្យបានត្រឹមត្រូវ សម្ដេចបានផ្តោតសំខាន់លើអ្នកបើកបរឡានដឹកដីធំរថយន្តក្រុង ដើម្បីយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាដើម្បីកាត់បន្ថយអត្រាភាពក្រីក្រមួយផ្នែកផងដែរ ។
ការលើកឡើងជាមួយនឹង សេចក្ដីអំពាវនាវរបស់ភរិយាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា ពិសេសអ្នកកើតមេរោគអេដស៍ មិនត្រូវដើរបន្តចម្លងមេរោគទៅអ្នកដទៃទៀតនោះទេ ។
សម្តេចកិតិព្រឹទ្ធបណ្ឌិត បានថ្លែងអំពាវនាវបន្ថែមទៀតថា គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុក្ខដាក់លើអ្នកជំងឺជាធំ មិនមែនយកលុយជាធំនោះទេ ពិសេសគ្រប់មន្ទីរពេទ្យទាំងអស់នៅកម្ពុជា ត្រូវតែសីលធម៌ មេត្តាធម៌ដល់ជំងឺ គ្រប់ពេលវេលា។
លើសពីនោះទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជំរុញឲ្យក្រុមការងារកាកបាទក្រហម បន្តចុះជួយដល់ផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទៅតាមផែនការ ជាបន្តបន្ទាប់ដែលត្រូវអនុវត្ត ៕