(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឃាត់ខ្លួនពលករខ្មែរពីរក្រុមមានគ្នាសរុប ២៥នាក់ រួមជាមួយមេខ្យល់ ៣នាក់ទៀត ខណៈដែលពួកគេកំពុងធ្វើដំណើរបម្រុងលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចស្រុកម៉ាឡៃ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

ប្រភពដដែលបានបញ្ជាក់ថា នាវេលាម៉ោង ១៖៣០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសទី១ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការលួចចេញ-ចូលទៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ក៏ប្រទះឃើញម៉ូតូកង់បីឥណ្ឌា ១គ្រឿង កំពុងដឹកពលករខ្មែរ៧នាក់ ពេលនោះកម្លាំងចម្រុះក៏បានឃាត់ ហើយសួរនាំ ទើបដឹងថាពលករទាំងអស់ត្រូវបានម្ចាស់ម៉ូតូកង់បីដឹកទៅបម្រុងឆ្លងដែនទៅប្រទេសថៃ។

បន្ទាប់មកទៀតនៅវេលាម៉ោង ៣៖៤០ នាទីទៀបភ្លឺ ថ្ងៃដដែល ក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានមេខ្យល់បម្រុងនាំពលករឆ្លងដែនមួយក្រុមទៀត នៅភូមិសាស្ត្រដដែល តែទីតាំងផ្សេងគ្នា ភ្លាមនោះ កម្លាំងចម្រុះក៏បន្តធ្វើប្រតិបត្តិកាបង្រ្កាប និងឃាត់ខ្លួនមេខ្យល់ ២នាក់បន្ថែមទៀត និងពលករ ១៨នាក់ទៀតផងដែរ ហើយបញ្ជូនមកសាកសួរចម្លើយរួមគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ។

ក្រោយការឃាត់ខ្លួននេះហើយ សមត្ថកិច្ចបានបញ្ជូនពលករទាំង ២៥ នាក់ ទៅធ្វើចត្តាឡីស័កក្នុងវិទ្យាល័យស្រុកម៉ាឡៃ។ រីឯមេខ្យល់ទាំង៣នាក់នោះ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជូនយកមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ហើយបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

មេខ្យល់ទាំងបីនាក់នោះ មានឈ្មោះ៖

*ទី១៖ សុខ វិបុល ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
*ទី២៖ ឌឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
*ទី៣៖ ម៉ៃ សៃហុង ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕