(ភ្នំពេញ)៖ ទន្ទឹមនឹងការមមាញឹកលើការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមហើយនោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ក៏កំពុងមមាញឹកនឹងការផលិតប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលបានចាក់រួចរាល់ផងដែរ។

ក្រុមការងារផលិតប័ណ្ណចាក់វ៉ាក់សាំងនេះកំពុងញាប់ដៃញាប់ជើងធ្វើយ៉ាងផលិតប័ណ្ណឱ្យបានលឿន និងអាចប្រគល់ជូនប្រជាពលរដ្ឋពេលចាក់ដូសទី២ជូនពួកគាត់។

ក្នុងដំណើរចុះពិនិត្យការផលិតប័ណ្ណវ៉ាក់សាំងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បានគូសបញ្ជាក់ថា ប័ណ្ណចាក់វ៉ាក់សាំងដែលផលិតដោយក្រសួងការពារជាតិ ត្រូវបានធ្វើឡើងដោយប្រព័ន្ធកុំព្យូទ័រក្នុងការបញ្ចូលទិន្នន័យរបស់អ្នកចាក់។ ប័ណ្ណនេះ ក៏មានការដាក់រូបថត និងភ្ជាប់ QR-Code ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកចាក់ផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងដែរថា ប័ណ្ណចាក់វ៉ាក់សាំងនេះ ត្រូវបានធ្វើឡើងជាមួយប្លាស្ទីកមានគុណភាពខ្ពស់ និងប្រើប្រាស់ជាប់បានយូរ។

ក្នុងដំណើរចុះពិនិត្យការផលិតប័ណ្ណនៅថ្ងៃនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានស្តាប់នូវការខ្វះខាតសម្ភារបច្ចេកទេសមួយចំនួន ហើយបានគិតគូរបំពេញបន្ថែម ដើម្បីសម្រួលដំណើរការផលិតឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់ក្រុមការងារផលិតប័ណ្ណយកចិត្តទុកដាក់បញ្ចូលទិន្នន័យរបស់អ្នកចាក់ឱ្យបានត្រឹមត្រូវ កុំឱ្យមានការលំបាកសម្រាប់ការប្រើប្រាស់ទៅថ្ងៃមុខ។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងរួចរាល់ ហើយបានទទួលប័ណ្ណត្រូវថែរក្សាប័ណ្ណនេះកុំឱ្យបាត់បង់ ដើម្បីប្រើប្រាស់តាមការកំណត់ ឬភាពចាំបាច់ណាមួយទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យក្រសួងការពារជាតិ បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមជិត ៨០ម៉ឺននាក់ នៅក្នុងខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៤៥ម៉ឺននាក់ហើយ៕