(ភ្នំពេញ)៖ ទីតាំងធំៗចំនួន៥ រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ត្រូវបានកំណត់ ហើយត្រៀមស្នើសុំសេចក្ដីសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) យកធ្វើជាកន្លែងរៀបចំការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ការកំណត់ទីតាំងខាងលើបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ CAMSOC តាមអនឡាញ (Zoom) នៅថ្ងៃទី១១ ខែឧសភានេះ ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដោយផ្ដោតលើរបៀបវារៈសំខាន់ៗ២ ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា ៤០ប្រភេទត្រូវកំណត់ទីតាំង និងទី២-ពិភាក្សាពីកម្មវិធីលម្អិតនៃពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា ជុំវិញការកំណត់ទីតាំងនៃទីលានប្រកួត សហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាន ពិសេសទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធ ស្នើឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មីមួយទៀតនៅជាយក្រុងភ្នំពេញ។

លោកបន្ដថា «ខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ នឹងត្រូវរៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង ឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ តែមិនទាន់សម្រេចទេ ព្រោះសហព័ន្ធបានសំណូមពរឲ្យគណៈកម្មការជំនាញ ចុះទៅពិនិត្យទីតាំងថ្មីមួយទៀតនៅជាយក្រុងភ្នំពេញ។ ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ»

យ៉ាងណាមិញរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា នេះគ្រាន់តែជាកិច្ចប្រជុំគណៈអចិន្រ្ដៃយ៍ CAMSOC ដើម្បីរៀបចំបញ្ជូន និងស្នើសុំសេចក្ដីសម្រេចលើទីតាំងនៃទីលានប្រកួតកីឡាស៊ីហ្គេម ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ពោលគឺមិនទាន់សម្រេចត្រឹមកិច្ចប្រជុំនេះឡើយ ហើយក្រោយធ្វើការកំណត់ទីលានប្រកួតកីឡាទូករួច គណៈអចិន្រ្ដៃយ៍នឹងធ្វើរបាយការណ៍ជូនសម្ដេចពិជ័យសេនាតែម្ដង។ ចំពោះពិធីបើក-បិទ ដែលត្រូវធ្វើកម្មវិធីគម្រោងលម្អិតពីដើមរហូតដល់ចប់ នឹងត្រូវពិភាក្សាគ្នានាពេលក្រោយទៀត។

លោករដ្ឋមន្ដ្រី ថោង ខុន បានសង្កត់ធ្ងន់ថា គ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសហការជាមួយគណៈកម្មការជំនាញ (គណៈកម្មការទីលាន) ឲ្យបានជិតស្និទ្ធប្រកបដោយតម្លាភាព និងជាក់លាក់ក្នុងការកំណត់ទីលាន ព្រោះការកំណត់ទីលាន គឺជាមូលដ្ឋាននៃការរៀបចំឲ្យរួចរាល់មុនពេល ដើម្បីឈានទៅការរៀបចំផ្នែកផ្សេងៗទៀតដែលមានទីតាំងច្បាស់លាស់ ហើយជំនាញផ្សេងៗទៀតអាចធ្វើការរបស់ខ្លួនបាន ពិសេសការពិនិត្យ ការកែសម្រួល ការកែលម្អ ឬការបំពាក់ស្ដង់ដារទីលានបន្ថែមជាដើម។

គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាសល់ពេលមិនដល់ ២ឆ្នាំនោះទេក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ គ្រោងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕