(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ប្រចាំខណ្ឌលោក ហាស់ កំសាន្ដ ថា ចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលស្នាក់នៅផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» និងទទួលបានការបញ្ចុះតម្លៃ៥០% ចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ។

ការបញ្ជាក់របស់លោក ជា ពិសី បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានសំណូមពរឱ្យជួយបញ្ចុះតម្លៃផ្ទះជួល និងបន្ទប់ជួលពីប្រជាពលរដ្ឋ និងកម្មករកម្មការិនី ពិសេសទទួលបានការឯកភាពទាំងស្រុង លើការបន្ធូបន្ថយ ថ្លៃផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ពីម្ចាស់បន្ទប់លោកឧញ៉ា ស្រី ស៉ីណា ស្ថិតនៅក្នុងផ្សារសុភមង្គល «តំបន់ក្រហម» ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា ដើម្បីរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងបន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ និងកម្មករកម្មការិនីស្នាក់នៅផ្ទះជួល និងបន្ទប់ជួល តាមរយះរដ្ឋបាលខណ្ឌ, លោកឧញ៉ា ស្រី ស៉ីណា ដែលជាម្ចាស់បានឯកភាពទាំងស្រុង ក្នុងការបន្ធូបន្ថយបញ្ចុះតម្លៃផ្ទះជួល និងបន្ទប់ជួលចំនួន៨០០បន្ទប់ ក្នុងផ្សារសុភមង្គល «តំបន់ក្រហម» មកនៅត្រឹម ៥០% ប៉ុណ្ណោះចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ «តំបន់ក្រហម» នេះក្លាយជា «តំបន់លឿង» វិញ៕