(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ខាងមុខនេះ នឹងអញ្ជើញជាអធិបតីបើកសន្និសីទ ជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំដោយធនាគារជាតិ នៃកម្ពុជា នៅវិមានសន្តិភាព។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនេះ ធ្វើ ឡើង ដើម្បីរំលឹកខួប ១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសថា «ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» និង ដើម្បីផ្សព្វផ្សាយ សមិទ្ធផល ដែលសម្រេចបាននារយៈពេលកន្លងមក។ សន្និសីទនេះ ក៏ដើម្បីទាក់ទាញការចាប់អារម្មណ៍បន្ថែមពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិ អំពីសារៈសំខាន់ អត្ថប្រយោជន៍ និង តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និង កាត់ បន្ថយភាពក្រីក្រ ដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនេះ ដែលធ្វើឡើងនៅថ្ងៃទី១៤-១៥  ខែមីនា នេះ នឹងបង្ហាញឲ្យឃើញផងដែរនូវវឌ្ឍនភាព និង ការអភិវឌ្ឍ នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រយៈពេល ១០ឆ្នាំកន្លងមក នេះ (២០០៦-២០១៦)។

ក្នុងសន្និសីទ ក៏នឹងពិភាក្សាលើប្រធានបទចំនួន ៥សំខាន់ៗ រួមមាន៖ ១. លទ្ធភាពក្នុងការប្រើប្រាស់ និង ទទួលបានសេវាហិរញ្ញវត្ថុ,  ២. ការឲ្យខ្ចីក្នុង និង ក្រៅប្រព័ន្ធ, ទី៣. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន, ទី៤. សេវាធនាគារចល័ត៖ ឱកាស និង ការប្រឈម និងទី៥. តួនាទីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងសកម្មភាពសង្គម និងបរិស្ថាន។

កិច្ចពិភាក្សានេះ នឹងមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិមកពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ និង ភាគីពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

ទន្ទឹមនឹងការរៀបចំសន្និសីទ ក៏មានការរៀបចំកម្មវិធីតាំងពិព័រណ៍ និង ប្រគំតន្រ្តីនៅពេលល្ងាចរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១២-១៥ ខែ មីនា ឆ្នាំ២០១៦ នៅបរិវេណ City Hall នៅកោះពេជ្រផងដែរ៕