(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព លោក ចាន់ មឿន អាយុ៧៣ឆ្នាំ មរណភាពដោយសារជំងឺកូវីដ-១៩ ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសយកអំណោយប្រគល់ជូន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្ដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ចាន់ មឿន បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អំណោយ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន ថវិកា៥,០០០,០០០រៀល, អង្ករ៤បាវ ស្មើរ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព៕