(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីខែ មេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន១៩៤ទីតាំង ដែលជាការបរិច្ចាគប្រចាំខែរបស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីសម្រាលការលំបាកខ្លះៗរបស់នគរបាលចរាចរណ៍ ដែលបំពេញការងារនៅតាមដងផ្លូវនានានៅទូទាំងប្រទេស។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នគរបាលចរាចរណ៍នៅតាមគោលដៅទាំង១៩៤កន្លែងនេះ បានឈរប្រចាំការដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ ពួកគាត់ក៏ប្រឈមនឹងការលំបាកនានាក្នុងអំឡុងពេលបំពេញការងារដែរ ដូច្នេះក្រុមហ៊ុនធ្វើការបរិច្ចាគទឹកសុទ្ធ កម្ពុជា ជារៀងរាល់ខែ ដើម្បីចូលរួមលើកទឹកចិត្តដល់ពួកគាត់»។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ប្រមាណ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕ គិតមកដល់ពេលនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាង ១ម៉ឺនកេសដល់ស្ថាប័ននានា៕