(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានអំពាវនាវឱ្យអ្នកប្រកបរបររត់តាក់ស៊ី កង់បី ឬផាស់អាប់ ទាំងអស់ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី២ជាកំហិតនៅថ្ងៃទី២០ ខែឧសភា នៅមណ្ឌលចាក់វ៉ាក់សាំងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី២ ជូនបងប្អូនអ្នកប្រកបរបររត់តាក់ស៊ី កង់បី និងផាស់អាប់ គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២០ ខែឧសភា។ ហើយការចាក់នេះ គឺសម្រាប់បងប្អូនដែលបានចាក់ដូសទី១ កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នកប្រកបរបររត់តាក់ស៊ី កង់បី និងផាស់អាប់ក្នុងខេត្តសៀមរាប បានចំនួនប្រមាណជាង៤០០នាក់។ យុទ្ធនាការនេះត្រូវបានរដ្ឋបាលខេត្តអះអាងថា ចាក់ជូនអ្នកដែលប្រឈមខ្ពស់ចំពោះភ្ញៀវទេសចរ ខណៈដែលរាជរដ្ឋាភិបាលត្រៀមខ្លួនដើម្បីទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ចូលមកទស្សនាតំបន់អង្គរអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះ៕