(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលបានទៅប្រកបរបររកស៊ីលក់ឆ្នោត នៅក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម ឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ ហើយពួកគេអាចនឹងមកដល់ប្រទេសកម្ពុជា នៅសប្តាហ៍ទី៣ ខែមីនា ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីប្រកាសរបស់ ក្រសួងការបរទេស ដែលចេញដោយ អ្នកនាំពាក្យលោក ជុំ សុន្ទរី បានបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ២៣នាក់ នោះ មានមនុស្សចាស់០៧នាក់ ស្រ្ដីមានផ្ទៃពោះគ្រប់ខែ០១នាក់ និងកុមារ១៦នាក់ ដែលមានស្រុកកំណើតនៅស្រុកចន្ទ្រា និងនៅស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូតនិងអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេស នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានណែនាំជាថ្មីម្ដងទៀតឱ្យស្ថានតំណាងកម្ពុជាទាំងអស់ យកចិត្តទុកដាក់ឱ្យខ្លាំង ក្នុងការជួយដល់ពលករ-ពលការិនី និងពលរដ្ឋកម្ពុជា ដែលបានទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់៕