(ភ្នំពេញ)៖ ទោះបីជាកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រី «ស្រីមុំ» បានចេញមកបកស្រាយថា «សំឡេងខ្សែអាត់ដែលគេបង្ហោះចោទថា ជាសម្លេងនាងជាមួយលោក កឹម សុខា សាសងរឿងស្នេហាគ្នា» មិនមែនជាសំឡេងរបស់នាងក៏ដោយ ប៉ុន្តែក្រុមនិស្សិតដែលកន្លងមកធ្លាប់ទាមទារឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយរឿងនេះនោះ នៅមិនទាន់ជឿជាក់នៅឡើយទេ។ ពួកគេអះអាងថា គេមានអ្នកបច្ចេកទេសដែលបានសិក្សាទៅលើ រលកសំឡេង «ស្រីមុំ»ខាងក្រៅ និង«ស្រីមុំក្នុងខ្សែអាត់សម្លេង» បង្ហាញថា ជាសំឡេងមនុស្សតែម្នាក់។
លោក ស្រី ចំរើន តំណាងក្រុមនិស្សិតមួយក្រុមនោះ បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា ពួកគេមានបច្ចេកទេស និងភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា «ស្រីមុំ»បដិសេធខ្សែអាត់សំឡេងនោះគឺកំពុងកុហកដល់មហាជន ហើយថាពួកគេនឹងធ្វើសន្និសីទកាសែតមួយ បង្ហាញពីបច្ចេកទេសផ្ទៀងផ្ទាត់នៃរលកសំឡេងរបស់កញ្ញា «ស្រីមុំ» នៅវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច (នៅទល់មុខពេទ្យលោកសង្ឃ) នារសៀលម៉ោង២៖០០ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ។
លោកនិយាយថា «ទាំងរលកសំឡេងគឺដូចគ្នាទាំងស្រុង ដែលយើងបានយកមកធ្វើកោសលវិច្ច័យជាមួយបច្ចេកទេសកុំព្យូទ័រ ពេលប្រៀបធៀបទៅ បង្ហាញថារលកសម្លេងដូចគ្នា តុងសំឡេងដែលគាត់និយាយមក ដូចគ្នាទាំងស្រុងទៅនឹងអ្វីដែលគាត់ធ្លាប់ សន្ទនាជាមួយបុរសម្នាក់ដែលគេចាត់ទុកថា ជាលោក កឹម សុខា គឺការលើកដាក់សំឡេងរបស់គាត់ គឺដូចគ្នាទាំងស្រុង»។
យុវជនរូបនេះ បានបន្ថែមទៀតថា «គាត់បានបដិសេធទាំងស្រុងថា សំឡេងហ្នឹងមិនមែនជាសម្លេងរបស់គាត់ទេ គឺគាត់បាននិយាយនៅលើ សារព័ត៌មាន ហើយគាត់មិនបានបកស្រាយទៀតទេ គាត់បែរជានិយាយថា «ខ្ញុំចង់និយាយប៉ុណ្នឹង អញ្ចឹង» អ្វីដែលពួកខ្ញុំមិនទាន់អស់ចម្ងល់ គឺហេតុអ្វីតាំងពីថ្ងៃទី២៩ មករហូតដល់ពេលនេះ មួយថ្ងៃបន្ទាប់ម៉េចគាត់មិនព្រមរកសមាគមអាដហុកឬ ស្ថាប័នផ្សេងៗ ដើម្បីជួយដោះស្រាយ ហើយគាត់ព្យាយាមលាក់ខ្លួនមិនបកស្រាយរយៈពេលជាង១០ថ្ងៃ»។
សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ យុវតីម្នាក់ឈ្មោះ ខុម ចាន់ដារ៉ាទី ដែលអះអាងថាខ្លួនមានឈ្មោះ «ស្រីមុំ» ហើយជាម្ចាស់ Facebook ឈ្មោះ «Mon Srey» បានចូលខ្លួនស្វែងរកអន្តរាគមន៍ពីសមាគមអាដហុក ដើម្បីឱ្យជួយរកយុត្តិធម៌ដល់រូបនាង។ កញ្ញា ខុម ចាន់ដារ៉ាទី បានផ្តល់បទសម្ភាស ដល់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកថា សំឡេងនៅក្នុងខ្សែអាត់ដែលផ្សាយថា រឿងអាស្រូវផ្លូវភេទនោះ មិនមែនជាសម្លេងរបស់នាងទេ។ នាងនិយាយថា នាងធ្លាប់ស្គាល់ លោក កឹម សុខា ពេលទៅទទួលសេវាកាត់សក់ កក់សក់នៅហាងដែលនាងបម្រើការ នៅភ្នំពេញ និងធ្លាប់បាននិយាយទូរស័ព្ទតិចតួចជាមួយគ្នា ប៉ុន្តែនាងថា នាងមិនដែលមានទំនាក់ទំនង ស្នេហាជាមួយ លោក កឹម សុខា នោះទេ។
ទោះជាយ៉ាងនេះក្តី រហូតដល់ពេលនេះ Fresh News មិនទាន់ស្វែងរកការបកស្រាយពីកញ្ញា ខុម ចាន់ដារ៉ាទី ដែលអះអាងថាជាស្រីមុំនោះ និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ។ អ្នកសារព័ត៌មានម្នាក់ ដែលបានជួបផ្ទាល់ជាមួយកញ្ញា ខុម ចាន់ដារ៉ាទី កាលពីម្សិលមិញ បាននិយាយថា នាងបានប្រាប់លោកថា ពេលនេះនាងមិនប្រើប្រាស់ទូរស័ព្ទនោះទេ៕
សូមស្តាប់សម្លេង ស្រីមុំ សាសងជាមួយលោក កឹម សុខា និងសំឡេងសម្ភាសន៍របស់ស្រីមុំ ជាមួយវិទ្យុអាស៊ីសេរីកាលពីម្សិលមិញ ដូចខាងក្រោម៖
រឿងអាស្រូវផ្លូវភេទ៖ យប់មិញ លោក កឹម សុខា ទូរស័ព្ទស្តីបន្ទោសស្រីស្នេហ៍ឈ្មោះ «ស្រីមុំ» ក្រោយពីរូបនាង ទម្លាយសម្លេងអាថ៌កំបាំងស្នេហា៖
Posted by Fresh News on Monday, February 29, 2016
ខាងក្រោមនេះជាកិច្ចសម្ភាសរបស់យុវតីស្រីមុំ ជាមួយ វិទ្យុអាស៊ីសេរី៖
យុវតី «ស្រីមុំ» ចេញមុខអះអាងថា ស្គាល់ លោក កឹម សុខា ប៉ុន្តែថាគ្មានទំនាក់ទំនងស្នេហា
Posted by Fresh News Photo on Wednesday, March 9, 2016