(កំពង់ឆ្នាំង)៖ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសអំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦នាក់បន្ថែមទៀតដោយ ៥នាក់ជាអ្នកស្រុកជលគីរី និង១នាក់ជាអ្នកស្រុកបរិបូណ៌។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ឲ្យដឹងថា ករណីវិជ្ជមានកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានរកឃើញជាបន្តបន្ទាប់នៅអំឡុងចុងខែមីនាឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដែលសុទ្ធសឹងជាករណីនាំចូលពីភ្នំ ពេញពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។

ដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ៦នាក់ថ្មីបន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងកូវីដ-១៩នៅខេត្តកំពង់ឆ្នាំង កើនដល់៣១នាក់ ក្នុងនោះមានករណីជាសះស្បើយចំនួន៤នាក់ ករណីស្លាប់ចំនួន០២នាក់ និងកំពុងដាក់ឲ្យសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន១៩នាក់ ហើយ៦នាក់ដែលទើបតែរកឃើញថ្មី បានដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

ចំពោះ៦ករណីថ្មីដែលក្រុមការងារទើបរកឃើញ ៥នាក់នៅក្នុងស្រុកជលគីរី រួមមាន៖

ទី១៖ ឈ្មោះ សាត ឈុនហៀង ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករធ្វើពិដានផ្ទះនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន បានមកដល់ភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរីនៅថ្ងៃទី២៦ ខែមេសា និងបានផឹកស៊ីជាមួយមិត្តភ័ក្រក្នុងភូមិ បានយកទៅធ្វើចត្តាឡីស័កនៅថ្ងៃទី២៧ ខែមេសា
ទី២៖ ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករធ្វើការនៅរោងចក្រស៊ីងយ៉ាង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ បានមកដល់ឃុំកោះថ្កូវ ស្រុកជលគីរីនៅថ្ងៃទី២៧ ខែមេសា ត្រូវក្រុមការងារយកទៅធ្វើចត្តាឡីស័កភ្លាម
ទី៣៖ ឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់នៅផ្លូវជាតិលេខ៦A រស់នៅសង្កាត់ជ្រោយចង្វារ បានមកឃុំកោះថ្កូវ ស្រុកជល គីរីនៅថ្ងៃទី២៧ ខែមេសា និងបានដាក់ឲ្យធ្វើចត្តាឡីស័កភ្លាម
ទី៤៖ ឈ្មោះ សុច ពិសី ភេទស្រី អាយុ១៨ឆ្នាំ ជាកម្មករសំណង់នៅផ្លូវជាតិលេខ៦A រស់នៅសង្កាត់ជ្រោយចង្វារ មកដល់ឃុំកោះថ្កូវ ស្រុកជលគីរីនៅថ្ងៃទី២៧ ខែមេសា នឹងបានដាក់ឲ្យធ្វើចត្តាឡីស័កភ្លាមៗ
ទី៥៖ ឈ្មោះ ប្រាក់ និស្ស័យ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់នៅផ្លូវលេខ៦A រស់នៅសង្កាត់ជ្រោយចង្វារ បានមកដល់ឃុំកោះថ្កូវ ស្រុកជលគីរីនៅថ្ងៃទី២៧ ខែមេសា នឹងបានយកទៅដាក់អោយធ្វើចត្តាឡីស័កភ្លាមៗដែរ។ អ្នកទាំង៥នាក់ បានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៣ថ្ងៃ ទើបរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ដោយឡែក១ករណីនៅក្នុងស្រុកបរិបូណ៌ គឺមានឈ្មោះ តុង យ៉ាំងយូ ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិវៀតណាម រស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានប៉ពាល់ជាមួយអ្នកកើតកូវីដ១៩ឈ្មោះ ជិន ធីហ៊ឹង ភេទស្រី ដែលបាន នាំជម្ងឺនោះមកពីភូមិព្រែកប្រា សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា អ្នកឆ្លងជម្ងឺកូវីដ-១៩ទាំង ៦នាក់នោះ បានយកទៅដាក់អោយសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ព្រោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានដាក់អ្នកជម្ងឺកូវីដ១៩ពេញហើយ៕