(កំពង់ធំ)៖ លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយជូនដលប្រជាពលរដ្ឋ ២០០គ្រួសារ មកពីភូមិត្រពាំងឈូក និងភូមិដូនប៉ែន ក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក កៅ អ៉ីមរ៉ន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ដើម្បីឲ្យប្រាកដថា យើងអាចគ្រប់គ្រងបាន នូវស្ថានការណ៍ដ៏ក្តៅគគុកនេះ ដើម្បីឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅពេលឆាប់ៗខាងមុខនេះ។

លោកអនុរដ្ឋលេខាធិការ បានបន្តថា ការគោរព និងអនុវត្តន៍តាមគោលការណ៍រាជរដ្ឋាភិបាល ក៏ដូចជាការគោរពតាមវិធានការនានារបស់សួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គឺជាការដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ក្នុងនាមអ្នកកាន់សាសនាឥស្លាមដ៏ពិតប្រាកដ ដែលនៅក្នុងសាសនាឥស្លាម បានដាក់កាតព្វកិច្ចទៅលើជនមុស្លិមគ្រប់រូប ត្រូវតែគោរពតាមមេដឹកនាំ។

អំណោយខាងលើ គឺជាការឧបត្ថម្ភពីសប្បុរសជនម៉ាឡេស៊ី សម្រាប់បងប្អូនប្រជាសាសនិកឥស្លាមដែលប្រារពការចូលបួសក្នុងរ៉ាម៉ាឌននេះ តាមរយៈសមាគមកូប្រាស៊ីមុស្លិមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, ស្ករស ២គីឡូក្រាម, អំបិល ១គីឡូក្រាម, ទឹកក្រូចដបធំ ១ដប និងនំបញ្ចុកក្រៀម ២៣កញ្ចប់៕