(កណ្ដាល)៖ បន្ទាប់ពីគេហទំព័រ Fresh News បានចេញផ្សាយនូវអត្ថបទមួយ ទាក់ទងនឹងបាតុភាពក្នុងវត្ត ទួលរាជា ដោយព្រះសង្ឃ និងគណកម្មការវត្ត កំពុងតែខ្វែងគំនិត​ និងចែកបក្ខពួកគ្នា ពុំមានការកសាងអ្វីក្នុងវត្ត ក្រោយពីបណ្ដេញ​ព្រះគ្រូធម្មាចារ្យ ធាន វុទ្ធី ចេញពីវត្តមកនោះ នៅពេលនេះ ព្រះតេជគុណ ទេព សុវណ្ណ ជាចៅអធិការវត្តស្ដីទី វត្តទួលរាជា បានចេញមុខបដិសេធ ចំពោះព័ត៌មាននេះ ហើយព្រះតេជគុណ បានអះអាងថា ពុំមានព្រះសង្ឃ ឬគណកម្មការវត្ត ចែកបក្ខពួកគ្នា ដូចការលើកឡើងនោះឡើយ ។

ព្រះតេជគុណ ទេព សុវណ្ណ បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា បន្ទាប់ពីផ្ទុះរឿងអាស្រូវ​ របស់ព្រះគ្រូធម្មចារ្យ ធាន វុទ្ធី តាំងខ្លួនជាព្រះសេអាមេត្រី ហើយត្រូវបាន​ក្រសួងធម្មការ និងសាសនា ព្រមទាំងព្រះសង្ឃ គណកម្មការវត្តបណ្ដេញចេញ​​មក គឺព្រះសង្ឃ និងគណកម្មការវត្តមិនបានចេញបក្ខពួកគ្នា ដូចការចុះផ្សាយនោះឡើយ ។ ផ្ទុយទៅវិញ មានតែពេលព្រះគ្រូធម្មាចារ្យ ធាន វុទ្ធី នៅគ្រប់គ្រងទេ ដែលព្រះសង្ឃ យាយជីតាជី និងគណកម្មការខ្លះបានចែកបក្ខពួកគ្នា ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានសម្ដេចសង្ឃនាយក លោកបានដកចេញអស់ហើយ មិនឲ្យមានរឿងរ៉ាវបែបនេះ កើតឡើងនោះទេ ។

ព្រះតេជគុណ មានថេរដីកាបន្តថា បន្ទាប់ពីនោះមក សម្ដេចសង្ឃនាយក និងរាជរដ្ឋភិបាលបានតែងតាំង ព្រះសង្ឃ និងគណកម្មការថ្មី ដើម្បីគ្រប់គ្រងបន្ត ហើយព្រះសង្ឃ យាយជីតាជី និងគណកម្មការថ្មីនោះ មិនបានបែកបាក់ ឬបែងចែកបក្ខពួកគ្នា ដូចអ្វីដែលបានចុះផ្សាយទេ ពោលគឺស្ថិតនៅក្នុងការគ្រប់គ្រង របស់ព្រះសង្ឃនាយក តែមួយអង្គប៉ុណ្ណោះ។  

យ៉ាងណាមិញ ព្រះតេជគុណ បានទទួលស្គាល់ថា នៅក្បែរវត្តទួលរាជា មានតាជី និងយាយជី ប៉ុន្មាននាក់ ដែលជាបក្ខពួក របស់​ព្រះគ្រូធម្មាចារ្យ ធាន វុទ្ធី ដែលចាំឃ្លាំមើល​ពីសកម្មភាព ពុទ្ធបរិស័ទ និងព្រះសង្ឃក្នុងវត្តទួលរាជា ហើយធ្វើការរិះគន់គ្រប់បែបយ៉ាង ។ មិនតែប៉ុណ្ណោះក្រុមនេះ បានតាំងខ្លួនឯងជាគណកម្មការវត្ត ខណៈដែលគណកម្មការវត្តពិតប្រាកដ និងព្រះសង្ឃ មិនបានទទួលស្គាល់​នោះទេ ហើយបាននិយាយបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសវត្ត ថាមានការចែកបក្ខពួកគ្នា។

ចំពោះក្រុមយាយជីតាជី ដែលតាំងខ្លួនជាគណកម្មការនៅក្រៅវត្ត និងបាននិយាយខុសពីការពិតនេះ ព្រះតេជគុណកំពុងតែរៀបចំឯកសារ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំពោះ​ក្រុមខាងលើ ដើម្បីកុំឲ្យចេះតែដើរនិយាយ អាក្រក់ពីវត្តបន្តទៀត។

យ៉ាងណាមិញ បញ្ហាអភិវឌ្ឍន៍ ក្នុងវត្តក៏កំពុងតែមានសកម្មភាពជាបន្តបន្ទាប់​ ពោលមិនដូចអ្វីដែលលោក មេភូមិនិយាយនោះទេ ព្រោះផ្លូវចូលវត្តកំពុងតែចាក់បេតុង ហើយភាពស្ងាត់ជ្រងំក្នុងវត្ត ដោយសារតែព្រះសង្ឃក្នុងវត្តបានចេញទៅ បន្តការសិក្សា​នៅភ្នំពេញ មិនមែនគ្មានព្រះសង្ឃគង់នៅ ដូចការលើកឡើងឡើយ៕