(ពោធិ៍សាត់)៖ បុរសជនជាតិថៃម្នាក់ ដែលជាអាជីវករមកចូលរួម តាំងពិព័រណផលិតផលថៃរបស់ក្រុមហ៊ុនខេត្តស៊ីសាកេត បានខ្យល់គ ស្លាប់ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមលោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សពជនជាតិថៃដែលខ្យល់គ ស្លាប់នោះមានឈ្មោះ អ៊ូ កែវភីង អាយុ៦៣ឆ្នាំ រស់នៅស្រុកភ្នំធួន ខេត្តឆានណាក់បូរី មានមុខរបរជាអាជីវករ ។
លោកអធិការបានបន្តទៀតថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ខណៈដែលបញ្ជូនមកដល់ មន្ទីរពេទ្យបង្អែកស្រុកក្រគរ ។
ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញជនរងគ្រោះ ហូបស្រាពេញមួយយប់ ក្នុងពិធីតាំងពិព័រណផលិតផលថៃ នៅភូមិឃុំកើតហេតុ ខាងលើលុះព្រឹកឡើងវេលាម៉ោង ប្រមាណជិត ៧៖០០នាទីព្រឹក គេឃើញបុរសម្នាក់នោះដួលសន្លប់ ភ្លាមៗនោះប្រជាពលរដ្ឋដែល នៅជិតមូលដ្ឋាន បានទំនាក់ទំនងហៅរថយន្តមកសង្គ្រោះ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនមកដល់ មន្ទីរពេទ្យបង្អែក ស្រុកក្រគរបាត់ទៅហើយ ៕