(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១០ ខែឧសភានេះ បានជូនដំណឹងពីការ រកឃើញអ្នកកើតកូវីដ១៩ ចំនួន២នាក់ទៀត ក្នុងនោះមានម្នាក់ធ្លាប់ប៉ះពាល់អ្នកស្លាប់ដោយសារកូវីដ និងម្នាក់ទៀត ធ្វើដំណើរពីខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១៖ ឈ្មោះ ម៉ាក់ ភា ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានទំនាក់ទំនងជាមួយ ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងមរណភាព កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១

២៖ ឈ្មោះ លី លាងស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រូវជាស្វាមីរបស់ សន ណារី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕