(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញមនុស្ស ចំនួន៧នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩ នៅក្រុងបាវិត, ស្រុកស្វាយជ្រំ និងស្រុករំដួល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ និងទីតាំងដែលបានបញ្ជាក់ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 097 503 4567 / 044 712 522៕