(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស Sun Princess នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២,០០០នាក់ ចូលទស្សនា និង កម្សាន្តក្នុងក្រុងព្រះសីហនុ។

លោកវរសេនីយ៍ឯក ស៊ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ Fresh News ថា នាវាទេស ចរណ៍ ដែលដឹកភ្ញៀវទេសចរមានឈ្មោះ SUN PRINCESS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាម៉ោង ៧ព្រឹកនេះ។

ភ្ញៀវទេសចរនៅលើនាវាមានចំនួនសរុប ១,៩៧៥នាក់ ស្រី ១,០៦៧នាក់ ស្មើនិង ១៦សញ្ជាតិ ហើយនាវិកបម្រើការងារមានចំនួនសរុប ៨៦៧នាក់ ស្រី ១៣៨ មាន ៤២សញ្ជាតិ។ ចំពោះភ្ញៀវទេសចរនៅលើនាវានេះ មកពីប្រទេសអូស្រ្តាលី ១,៨០០នាក់ អង់គ្លេស៧៧នាក់ ញូវហ្សេឡេន ៤២នាក់។

លោក ស៊ាង ឡេង ក៏បានឲ្យដឹងដែរថា នាវានេះធ្វើដំណើរពីប្រទេសវៀតណាម ហើយគ្រោងចាកចេញទៅប្រទេសថៃវិញ នៅល្ងាចថ្ងៃដដែលនេះវេលាម៉ោង ៤រសៀល។

ជាមួយនិងការកើនឡើងជាលំដាប់ នៃភ្ញៀវទេសចនៅខេត្តព្រះសីហនុ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានប្រាប់ពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ និង ត្រូវដោះស្រាយមួយចំនួនផងដែរ។ បញ្ហាប្រឈមនោះមានដូចជា៖
១. សំរាមតាមដងផ្លូវ ការប្រមូលសំរាមមិនទៀងទាត់ ពេលខ្លះក្រុមហ៊ុនប្រមូលសំរាមធ្វេសប្រហែសក្នុងការប្រមូល ដោយធ្វើឲ្យរប៉ាត់ រប៉ាយ ។
២. បញ្ហាសន្តិសុខ សុវត្ថិភាពនៅតាមដងផ្លូវក្បែរឆ្នេរឯករាជ្យនៅពេលយប់ នៅឆ្នេរអូរឈើទាល អូរត្រេះ។
៣. ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និង ខ្វះការចូលរួមពីប្រតិបត្តិករទេសចរណ៍។
៤. បញ្ហាភ្លើងបំភ្លើតាមដងផ្លូវពុំទាន់មាន។
៥. កង្វះផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវតូចចង្អៀត។
៦. បញ្ហាតម្លៃសេវាកម្មស្នាក់នៅឡើងខ្ពស់ពេលបុណ្យទាន។
៧. បញ្ហាលូទឹកស្អុយហូរចូលសមុទ្រនៅឆ្នេរអារីស្តុន កោះរ៉ុង៕