(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញមនុស្ស ចំនួន៨នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ១៩ រស់នៅស្រុកឧដុង្គ, ស្រុកសំរោងទង និងស្រុកភ្នំស្រួច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបង្ហាញពីករណីជាសះស្បើយចំនួន៦នាក់ផងដែរ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ត្រូវរួសរាន់ទៅយកសំណាក ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។

ក្នុងករណីមានបញ្ហាសុខភាព ឬរោគសញ្ញាសង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 012 985 689 / 088 598 4496។ ទន្ទឹមនេះសូមប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕