(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងបន្ទប់ជួលជិត១០០បន្ទប់ នៅតំបន់បិទខ្ទប់ (តំបន់លឿងទុំ) ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំគ្នាផ្តិតមេដៃស្នើសុំម្ចាស់ផ្ទះពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារតែពួកគេពុំអាចរកប្រាក់ចំណូលបានដូចមុន។

បន្ទប់ជួលប្រមាណ១០០បន្ទប់នេះ មានអាសយដ្ឋាននៅផ្ទះលេខ៣១៩ ផ្លូវលំ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉ុច ច័ន្ទធូ ដែលត្រូវបានពលរដ្ឋអះអាងថា ជាឈ្មួញរកស៊ីស្តុកស្តម្ភម្នាក់ ដោយមានស្ថានីយ៍ប្រេងឥន្ធនៈ និង កន្លែងលក់កង់រថយន្តផងដែរ។

តាមញត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលទាំងនោះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ស្ថិតក្នុងដំណាក់កាលកំពុងប្រឈមនឹងការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់។

លិខិតប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមថា «អាស្រ័យហេតុនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួល យើងខ្ញុំសូមស្នើសុំ លោកពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ រហូតដល់ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូរស្រាលឡើងវិញ»

ប្រជាពលរដ្ឋម្នាក់នៅក្នុងបន្ទប់ជួយនេះ បានឱ្យដឹងថា នៅក្នុងការដាក់លិខិត នៅថ្ងៃទី១០ ខែឧសភានេះ មេកាដែលមើលការខុសត្រូវ ពុំហ៊ានទទួលលិខិតស្នើសុំរបស់អ្នកជួលបន្ទប់ទាំងនោះឡើយ។ ទោះជាយ៉ាងនេះក្តី Fresh News ពុំទាន់អាចទំនាក់ទំនងបំភ្លឺពី លោក ម៉ុច ច័ន្ទធូ ជាម្ចាស់បន្ទប់ជួលជាង១០០ខាងលើនេះឡើយ។

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចសុំឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់ដល់អ្នកជួលផ្ទះ ឬបន្ទប់របស់ខ្លួន ដោយកុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។ សម្តេចតេជោ ក៏បានស្នើទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ជួយសម្រួលថ្លៃថាមពលអគ្គិសនី និងទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់នេះផងដែរ៕