(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សឈ្នះឆ្នោតក្នុងសភាមីយ៉ាន់ម៉ា (ភូមា) បានប្រកាសថា លោក U HTIN KYAW គឺជាបេក្ខភាពតំណាងបក្សរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតក្នុងសភា ដែលមានសមាជិកមកពីបីភាគី ដើម្បីជ្រើសតាំងប្រធានាធិបតីនៃសហភាពមីយ៉ាន់ម៉ា ដែលបានបន្ថយពេលពីថ្ងៃទី១៨ ខែមីនា មកធ្វើនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។
លទ្ធផលនឹងអាចចេញជាផ្លូវការនៅពេលរសៀល ឬល្ងាចថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលលោកស្រី ស៊ូជី ត្រូវបានគ្រប់គ្នាដឹងហើយថា មិនអាចឈរឈ្មោះយកតំណែងប្រធានាធិបតីបានឡើយ ព្រោះរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាថ្មីបានរារាំង ដោយសារតែលោកស្រីមានស្វាមី និងកូនៗសុទ្ធតែជនបរទេស។ ទោះបីជាបែបនេះក្តី លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់បានប្តេជ្ញាថា នឹងដើរតួនាទីឲ្យលើសពីមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាទៅទៀត៕