(ភ្នំពេញ)៖ កម្ពុជាបានចាប់ផ្ដើមហើយ នូវការនាំចេញផ្លែស្វាយស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ហើយដើម្បីអាចបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនបាននោះ ប្រជាកសិករ ក៏ដូចជាក្រុមហ៊ុនដាំដុះស្វាយទាំងអស់ ត្រូវតែអនុវត្ដឲ្យបាននូវស្ដង់ដារធំៗចំនួន៣។ នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។

ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News លោក ងិន ឆាយ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន គឺមានលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ និងស្ដង់ដារខ្ពស់រួមមាន៖

* ស្ដង់ដារទី១៖ ស្ដង់ដារផ្លែស្វាយ គឺទំហំ និងរូបរាង ធ្វើយ៉ាងណាឲ្យមានទំហំធំ សមស្រប, មានពណ៌ល្អ ដោយមិនមានការបំផ្លាញពីសត្វល្អិត ជាដើម -ល-។

* ស្ដង់ដារទី២៖ «ដាំ» ត្រូវមានស្ដង់ដារសុវត្ថិភាព ដោយត្រូវប្រើប្រាស់បច្ចេកទេសដាំដុះ ស្របទៅតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ ជាពិសេសការប្រើប្រាស់ ទៅលើសារធាតុគីមីពុល, ត្រូវប្រើថ្នាំណា ដែលក្រសួងអនុវត្ដឲ្យប្រើប្រាស់ និងប្រើក្នុងកម្រិតមួយ ទៅតាមបទដ្ឋានបច្ចេកទេសណែនាំ។

* ស្ដង់ដារទី៣៖ មិនត្រូវឲ្យមានភ្ជាប់នូវសមាសភាពចង្រៃណាមួយនោះទេ ទាំងជំងឺ និងសត្វល្អិត គឺមិនត្រូវឲ្យមានជាដាច់ខាត។ បើសិនជាភាគីចិន សង្កេតឃើញស្វាយពីកម្ពុជា ដល់ប្រទេសចិន មានជំងឺ ឬក៏ពងដង្កូវណាមួយនោះ គេនឹងបដិសេធលែងឲ្យកម្ពុជា នាំចូលទៀតនោះឡើយ។

ពាក់ព័ន្ធនឹងស្ដង់ដារទាំង៣ដ៏សំខាន់នេះ លោក ងិន ឆាយ ក៏បានអំពាវនាវទៅដល់ប្រជាកសិករ ក៏ដូចជាក្រុមហ៊ុនដាំដុះស្វាយទាំងអស់ សូមអនុវត្ដឲ្យបានជាប្រចាំ នូវបទដ្ឋានបច្ចេសទេស ដែលអគ្គនាយកកសិកម្ម បានណែនាំ។

បន្ថែមពីនោះទៀត លោក ងិន ឆាយ បានលើកឡើងថា បើសិនជាមានបញ្ហាអ្វីទាក់ទងនឹងការដាំស្វាយនេះ អាចទាក់ទងមកអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឲ្យមន្ដ្រី របស់អគ្គនាយកដ្ឋាន ធ្វើការជាមួយគ្នា។ ចំណែកអ្នកខ្ចប់វិញ ជាពិសេសអ្នក ដែលមានរោងចក្រ សម្រាប់ធ្វើប្រព្រឹត្ដកម្ម សម្លាប់ពងដង្កូវរុយ ក៏ត្រូវតែអនុវត្ដ តាមបច្ចេកទេស ឲ្យបានខ្ជាប់ខ្ជួនផងដែរ។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលជាវិនិយោគលើចម្ការស្វាយ បានបញ្ជាក់ថា ចំពោះកសិករ ដែលប្រកបរបបដាំដំណាំស្វាយ ត្រូវស្វែងយល់ពីបច្ចេកទេស ឲ្យបានច្បាស់លាស់ ហើយប្រសិនបើចង់បានតម្លៃខ្ពស់ ដាច់ខាតត្រូវគោរពតាមស្តង់ដារទីផ្សារចង់បាន និងមានផែនការជាក់លាក់ ក្នុងការប្រមូលផល នៅពេលដែលទីផ្សារត្រូវការ។

លោកឧកញ៉ា ហ៊ុន ឡាក់ ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជាមានការដាំដុះដាំណាំស្វាយមានច្រើន ដែលកន្លងមកទិន្នផលស្វាយ ដែលទទួលបាន មិនអាចនាំចេញផ្ទាល់ ទៅកាន់ទីផ្សារចិនទេ គឺត្រូវលក់ស្វាយទៅប្រទេសជិតខាង ហើយគេលាងសម្អាត និងខ្ចប់នាំចេញទៅលក់បន្ត ធ្វើឲ្យកម្ពុជាបាត់បង់ នូវផលចំណេញក្នុងផ្នែកសេដ្ឋកិច្ច ព្រោះយើងលក់មិនបានដល់ទីផ្សារ និងអ្នកប្រើប្រាស់ចុងក្រោយ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលចិន តាមរយៈរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការ នូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសចិន បន្ទាប់ពីបើកការចរចាបើកទីផ្សារអស់ រយៈពេលជាង៣ឆ្នាំ។

ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន។

កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕