(កំពង់ឆ្នាំង)៖ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតបានចាត់ចែងក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន នាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ យកទៅប្រគេនបណ្តាវត្តចំនួន២៤ ក្នុងស្រុកចំនួន០៨ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ និងទី០៩ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ ដែលកំពុងទទួលរងផលប៉ះពាល់នូវការរីករាលដាលដោយសារជំងឺកូវីដ-១៩ជាសាកលនាពេលនេះ។

លោកបន្តថា ក្នុងដំណាក់កាលនេះ ព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន ហើយប្រជាពុទ្ធបរិស័ទ ក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបលោក ឌី វិជ្ជា និងលោកស្រី បានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ។

លោកបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង គ្រួសារយេីង សង្គមជាតិយេីង និងប្រជាជនយេីង ។

ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖
១៖ ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២៖ ជែលលាង ០១ កំប៉ុង
៣៖ ខោអាវ ០១ សម្រាប់
៤៖ ថ្នាំវីតាមីនសេ ០១ដប
៥៖ សាប៊ូ ០១ដុំតូច

ព្រះសង្ឃ សាមណេ ចំនួន ៤៩០អង្គ ក៏ទទួលបាន ស្លាដក ០១ ក្នុងមួយអង្គផងដែរ។

ដោយឡែកទេយ្យវត្ថុក្នុងវត្តនីមួយៗនោះរួមមាន៖
១៖ អង្ករចំនួន ០១តោន
២៖ ត្រីខ ១កេស មាន ១០០ កំប៉ុង
៣៖ មីចំនួន ១៨កេសតូច
៤៖ ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥៖ ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦៖ កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧៖ តែចំនួន ០២គីឡូក្រាម
៨៖ ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩៖ អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០៖ ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១៖ ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២៖ ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣៖ ម៉ាស់ ២០ប្រអប់
១៤៖ សាប៊ូ ៣០ដុំ
១៥៖ ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៦៖ ថវិកា ២លានរៀល៕