(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជន ដើម្បីបន្ដឧបត្ថម្ភជូនប្រជាពលដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ជីវភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរបស់ខ្លួន។

អំណោយដែលរដ្ឋបាលខណ្ឌបឹងកេងកង ទទួលបានពីក្រុមហ៊ុន ហុង លាន គ្រុប រួមមាន អង្ករ៥០០គីឡូក្រាម និងមីខ្លាឃ្មុំ១០០កេស ដោយក្នុងនោះ លោក ធឹម សំអាន អភិបាលខណ្ឌជាអ្នកទទួលដោយផ្ទាល់ពី លោក ឈិន ហោសៀន តំណាងក្រុមហ៊ុន ហុងលាន គ្រុប។

នាឱកាសនោះ លោក ធឹម សំអាន បានថ្លែងអំណរគុណលោកលោក ឈិន ហោសៀន តំណាងក្រុមហ៊ុន ហុងលាន គ្រុប ដែលបាននាំមកនូវអង្ករ ចំនួន៥០០គីឡូក្រាម និងមី ១០០កេស ជូនដល់សាលាខណ្ឌបឹងកេងកង ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ១៩។

លោក ធឹម សំអាន បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឈិន ហោសៀន តំណាងក្រុមហ៊ុន ហុងលាន គ្រុប ដែលបានឧបត្ថមជូនរដ្ឋបាលខណ្ឌបឹងកេងកង។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕