(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ជាអ្នកបើកបររថយន្តដឹកទំនិញដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២១នេះ។ ដោយឡែកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន៩នាក់ទៀត ជាម្ចាស់ហាងបាយ និងអ្នកធ្វើការនៅក្នុងហាងបាយយីហោ «ណារ៉ែន» ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ត្រូវបានឱ្យធ្វើចត្តាឡីស័ក។

បុរសជាអ្នកបើកបររថយន្តដែលមានវិជ្ជមានជំងឺកូវីដ១៩នេះ មានឈ្មោះ នឹម អេង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រឡាញ់ខាងត្បូង ឃុំជ្រែកជ័យ ស្រុកសំរោង ខេត្តតាកែវ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នៅខេត្តរតនគីរី។ បានបើករថយន្តដឹកទំនិញតែម្នាក់ឯង បានចេញដំណើរពីព្រែកក្តាម ទិសដៅទៅខេត្តរតនគីរី។ លុះមកដល់ខេត្តព្រះវិហារ គាត់បានធ្វើដំណើរតាមផ្លូវជ័យសែន ឆ្ពោះទៅខេត្តរតនគីរី ដោយឆ្លងកាត់ស្រុកឆែប និងបានចុះហូបបាយតែមួយកន្លែងទេគឺ អាហារដ្ឋានណារ៉ែន។ គាត់បានចូលក្នុងហាងបាយដោយអង្គុយជាមួយអ្នករត់ឡានម្នាក់ទៀត ដោយបើកឡានផ្សេងគ្នាទិសដៅទៅខេត្តរតនគីរី (មិនស្គាល់ឈ្មោះ)។ គាត់បានបញ្ជាក់តាមទូរស័ព្ទថា «គាត់មិនបានចូលបន្ទប់ទឹកក្នុងហាងបាយ និងមិនបានដើរឆ្លងតុបាយពីមួយទៅមួយទេ (មានកាំមេរ៉ាសុវត្ថិភាព) ជាសត្តុតាង»

ករណីនេះអាជ្ញាធរបានរកឃើញទីតាំងពាក់ព័ន្ធតែមួយកន្លែងទេគឺ ហាងបាយណារ៉ែន ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ដែលមានអ្នកពាក់ព័ន្ធដោយផ្ទាល់ម្នាក់ និងអ្នកពាក់ព័ន្ធដោយប្រយោលចំនួន ៨នាក់ទៀត ដែលសុទ្ធតែជាក្រុមគ្រួសារ និងអ្នកធ្វើការនៅក្នុងហាងបាយនេះ។ អ្នកទាំង៩នាក់នេះ គឺបានយកទៅធ្វើចត្តាឡីស័ក ពេលនេះពួកគាត់មានសុខភាពល្អ គ្មានរោគសញ្ញាសង្ស័យអ្វីទេ។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងបញ្ជាក់បន្ថែមថា៖ អ្នករត់តុម្នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ ស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ត្រូវបានយកសំណាកពិនិត្យភ្លាមៗ នៅព្រឹកនេះ តែលទ្ធផលអវិជ្ជមាន និងឱ្យគាត់ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ អនុវិទ្យាល័យឆែប។ចំណែកមនុស្ស ០៨នាក់ផ្សេងទៀត បានឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ដោយណែនាំពីវិធានការការធ្វើចត្តាឡីស័ក និងធ្វើការតាមដានសុខភាពប្រចាំថ្ងៃរយៈពេល១៤ថ្ងៃ ហើយហាងបាយនេះបានចាត់ក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ និងបិទជាបណ្តោះអាសន្នផងដែរ៕