(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកស្រី ប្រគល់ជូនអាជ្ញាធរខណ្ឌជ្រោយចង្វារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន៥០០គ្រួសារ នៅសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក អ៊ុ សារឹទ្ធ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ប្រកបដោយក្តីនឹករលឹក។

លោកអគ្គលេខាធិការព្រឹទ្ធសភា បានសំណូមពរដល់អាជ្ញាធរឱ្យបន្តអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមឱ្យមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរនៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវីដ១៩ លែងមាននោះទេ។

ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារជំងឺកូវីដ-១៩ គឺ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនអាជ្ញាធរនាពេលនោះរួមមាន៖ អង្ករចំនួន១០តោន ទឹកសុទ្ធ៥០០កេស និងឃីតចំនួន៥០០ឃីន ដោយក្នុង០១ឃីតៗ រួមមាន៖ មី ០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោខាប់ ០១កំប៉ុង ទឹកផ្លែឈើ ១២កំប៉ុង ស្ករ-ស ០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់ ០១ដប សាប៊ូម្សៅ ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ ០១ដើម ថ្នាំដុសធ្មេញ ០១បំពង់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ ០១ធុង៕