(ព្យុងយ៉ាង)៖ ប្រទេសពឹងផ្នែកលើអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានប្រកាសលុបចោលកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងត្បូងទាំងអស់ ចាប់ពីពេលនេះតទៅ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់ចេញពី សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
បន្ថែមពីលើការលុបចោលកិច្ចព្រមព្រៀងទាំងអស់រវាងកូរ៉េទាំងពីរនេះដែរ កូរ៉េខាងជើង បានប្រកាសទៀតថា នឹងលក់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមាននៅកូរ៉េខាងជើង។ ការវិវឌ្ឍដ៏អាក្រក់នេះ បានកើតឡើងក្រោយប្រទេសនេះទទួលរងទណ្ឌកម្មធ្ងន់ធ្ងរផ្ទូនៗពីអង្គការសហប្រជាជាតិ, ការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និង ការដាក់ទណ្ឌកម្មជាឯកតោភាគី បន្ថែមទៀតមកលើកូរ៉េខាងជើង ពីសំណាក់អតីតបងប្អូនឈាមជ័រតែមួយគឺកូរ៉េខាងត្បូង៕