(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្ស ចំនួន៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលធ្វើដំណើរមកពីខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងទៀតថា អ្នករួមដំណើរជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៥នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅយកសំណាកធ្វើតេស្ដរកជំងឺកូវីដ និងធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្ដទៀត។

សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប បានរកឃើញមនុស្សសរុបចំនួន៧៣នាក់ ឆ្លងជំងឺកូវីដ១៩ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២០នាក់ ស្លាប់ម្នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕