(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះណែនាំ និងអប់រំពីវិធីសាស្រ្តការពារខ្លួនពីជំងឺកូវីដ១៩ និងមានការចែកជូនអំណោយមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានប្រមាណជាជិត៥០គ្រួសារ។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងតែញ៉ាំញ៉ី ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រៅពីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាមួយគណៈកម្មាការចំពោះកិច្ចចាកវ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានរៀបចំជាស្បៀងអាហារ និងថ្នាំសង្កូវចាំបាច់សម្រាប់ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលកំពុងដាក់ខ្លួនដាច់ដោយឡែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ ផងដែរ។

ការបន្តចុះជួបប្រជាពលរដ្ឋគ្រាដែលពួកគាត់កំពុងមានការលំបាក នៅតាមលំនៅដ្ឋានរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយលោក វង្ស វ៉ាន់នី លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី និងលោកវេជ្ជបណ្ឌិត តូច យ៉ាន អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានពាំនាំនូវការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលកំពុងដាក់ខ្លួនដាច់ដោយឡែក (ចត្តាឡីស័ក) នៅតាមខ្នងផ្ទះ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឃុំចំនួន៥ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយក្នុងមួយគ្រួសារទទួលបាន៖

* សម្ភារៈការពារជំងឺកូវីដ១៩ និងថ្នាំពេទ្យ៖ អាល់កុលដបធំបាញ់ ១ដប, ម៉ាស់ ១ប្រអប់(៥០ម៉ាស់), ថ្នាំពេទ្យព្យាបាលជំងឺក្រពះពោះវៀន ថ្នាំវីតាមីន(Multivitamin) និង ថ្នាំប៉ារ៉ាសេតាម៉ុលសម្រាប់ប្រើប្រាស់ ១០ថ្ងៃ
* ស្បៀងអាហារ៖ អង្ករ ២០គីឡូក្រាម, ទឹកត្រី ១យួរ, ត្រីខកំប៉ុង ១ដុំ, មី ១កេស (៥០កញ្ចប់) និងទឹកក្រូច ១កេស
* ណែនាំប្រជាពលរដ្ឋឲ្យគោរពតាមវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តវិធានការណ៍ «៣ការពារ ៣កុំ» ជាប្រចាំ
* ពិគ្រោះព្យាបាលជំងឺ និងចែកថ្នាំនៅតាមខ្នងផ្ទះ

គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប(អង្គរសង្ក្រាន្ត) ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដោយបានសហការពីសាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីនិងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីនិងខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី បានឲ្យដឹងថា ការចុះពិនិត្យ និងអប់រំប្រជាពលរដ្ឋនាថ្ងៃនេះ ក៏ដូចជាពលកន្លងមកនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១២ក្នុងរយៈពេល៩ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន៥ពាន់នាក់ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២១រាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២៨១លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានជាង៥៥ម៉ឺននាក់ (ហាសិបប្រាំម៉ឺននាក់) មកហើយ។

ជាមួយគ្នានេះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាមួយគណៈកម្មាការចំពោះកិច្ច ចាកវ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស ក្នុង៣ខេត្តរួមមាន៖ ពោធិ៍សាត់ កោះកុង និងព្រះសីហនុ៕