(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរគ្រាប់ ធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឆ្នេរសមុទ្រ វ៉ុនសាន (Wonsan) របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០១៦ ដែលគ្រាប់មីស៊ីលទាំងនោះ អាចហោះបានក្នុងរយៈចម្ងាយ ៥០០គីឡូម៉ែត្រ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី១០ ខែមីនា ដោយដកស្រង់ប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូង។
នេះជាការបាញ់សាកល្បងគ្រាប់មីស៊ីល ដែលកើតឡើងក្រោយរយៈពេល ៣ថ្ងៃ នៃការធ្វើសមយុទ្ធយោធាដ៏ធំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ កូរ៉េខាងជើង ជារឿយៗតែងតែអួតថា ខ្លួនមានគ្រាប់មីស៊ីលទំនើបៗ និងសាហាវ ដែលអាចបាញ់ឆ្លងកាត់ទ្វីប ទៅដល់ទឹកដីអាមេរិក និងជាពិសេសក៏មានសមត្ថភាពអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដែលពិភពលោកខ្លាចរអាបំផុតនោះដែរ៕