(កំពត)៖ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងជាអភិបាលខេត្តកំពត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាអំណោយ សប្បុរសធម៌ពីលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក ជាវ តាយ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ដែលបាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខាហើយសាខានឹងយក គ្រឿងឧបភោគ បរិភោគ សម្ភារទាំងនេះ ទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម និងសូមជូនពរ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងក្រុមការងារមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។

ថវិកា និងសម្ភារ របស់លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ដែលប្រគល់ជូនសាខារួមមាន៖ អង្ករ១០តោន, ទឹកសុទ្ធ១០០កេស, ម៉ាស៥កេសធំ, អាល់កុល១២០លីត្រ, ជែលលាងដៃ ១៥កេស និងថវិកា៤,០០០,០០០រៀល (បួនលានរៀល) ផងដែរ៕