(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធស្ដ្រីម្នាក់ សម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាអាជ្ញាធរខណ្ឌមានជ័យ ចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ព្រមទាំងប្រគល់ថវិកាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល ជូនផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹង ខណៈចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៩ ឧសភានេះថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ចំពោះ សុខទុក្ខ និងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ត្រីសាលាខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ តំណាងលោក ឃួង ស្រេង បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ សង្កាត់ ភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤៖៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារីម្នាក់ឈ្មោះ ញាណ ចាន់ស៉ីណា អាយុ១៧ឆ្នាំ បានឆ្លងទន្លេដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ទើបតែឆ្លងទន្លេកូនស្រីទី១ បាន១០ខែប៉ុណ្ណោះ។

នៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នា ក៏មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថា គាត់មានទម្ងន់កូនទី២នោះទេ ស្មានតែគាត់ឈឺក្រពះ។ ក្រោយពីបានដឹងព័ត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា៕