(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង, នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោមការប្រតិបត្តិដោយផ្ទាល់របស់ក្រុមគ្រូពេទ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដឹកដោយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាអគ្គនាយក។ តំបន់ក្រហមនេះមាន៤ភូមិ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រួមមានភូមិលេខ១៤ ភូមិលេខ១៦, ភូមិលេខ១៧ និងភូមិលេខ១០។

ប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងសាឡាង ដែលមានបំណងស្មគ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ ឬសៀវភៅកំណើត និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលអាចបញ្ជាក់ពីទីលំនៅពិតប្រាកដ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ការបើកយុទ្ធនាការរបស់កងទ័ព ដើម្បីចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសង្កាត់បឹងកក់ទី២នេះ គឺធ្វើឡើងក្រោយមានការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញមកកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានបន្តថា តាមការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់តំបន់ក្រហមដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវ១៩នោះ នឹងទទួលបានការចាក់វ៉ាក់សាំងឆាប់ៗនេះផងដែរ ព្រោះគោលគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នឹងនាំយកយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នានៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

បើយោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៦៤៩,៤៩៨នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៣៥១,៥៣៧នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៤,៧៩៧នាក់។

គិតត្រឹមយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៧១៨,៧០៨នាក់ផងដែរ៕