(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកសិក្ខាសាលាមួយនៅសណ្ឋាគារ សូហ្វីតែល ខេត្តសៀមរាប ស្តីពីពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ របៀបបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណេញ និងវិធានប្រើប្រាស់វិក្កយបត្រសម្រាប់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
ថ្លែងនៅក្នុងសិក្ខាសាលា លោក គង់ វិបុល លើកឡើងថា ក្នុងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEC) ដែលនឹងខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលការអនុវត្តពន្ធគយ ក្នុងក្របខណ្ឌអាស៊ាន នឹងត្រូវថយចុះជាបន្តបន្ទាប់នោះ បន្ទុកនៃការប្រមូលចំណូលពន្ធ នឹងត្រូវធ្លាក់មកលើផ្នែកប្រមូលចំណូលពន្ធផ្ទៃក្នុង កាន់តែច្រើនឡើងៗ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឲ្យបានចំនួន ៤ ៦៥៩ ៥០០លានរៀល (គិតជាដុល្លារ ១ ១៦៤,៨៧លានដុល្លារ) ដែលតួលេខនេះ មានការកើនឡើងប្រមាណ ១៧,២២ភាគរយ លើសផែនការកំណត់ដោយច្បាប់សម្រាប់ឆ្នាំ២០១៤។
អគ្គនាយកពន្ធដាររូបនោះ បានបញ្ជាក់ថា ក្នុងបរិបទមួយជាក់លាក់បែបនេះ គឺទាមទារឲ្យអគ្គនាយកពន្ធដារ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលចំណូលពន្ធ ឲ្យបានគ្រប់តាមផែនការច្បាប់។ ប្រការនេះតម្រូវឲ្យអគ្គនាយកដ្ឋានពន្ធ ត្រូវអនុវត្តម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ និងត្រូវចាប់យកយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៦ ធ្វើជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញ ផ្លូវក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុង៕