(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យមួយចំនួន ដែលធ្លាប់មានឥរិយាបថខុសឆ្គង ប្រើសម្តីមិនសមរម្យ មើលលុយជាធំ ឲ្យកែប្រែឥរិយាបថរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋក្រីក្រ ជាពិសេសកុំឲ្យខូចដល់កេរ្តិ៍ឈ្មោះគ្រូពេទ្យល្អៗ។
ក្នុងឱកាសអញ្ជើញបិទសន្និបូកសរុបការងាររបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌វេជ្ជាជីវៈល្អ ហើយមានតែបុគ្គលពេទ្យមួយចំនួនតូចប៉ុណ្ណោះ ដែលមានឥរិយាបថមិនល្អ។
សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមកុំឲ្យត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់ នេះជាបញ្ហាមួយត្រូវខិតខំធ្វើឲ្យបាន។ សូម អំពាវនាវ ដល់គ្រូពេទ្យមួយចំនួន ដែលពីមុននេះមានឥរិយាបថខុសឆ្គងខ្លះៗ ខិតខំកែប្រែឥរិយាបថ ដើម្បីបម្រើគោលដៅរួម គឺជួយ ពលរដ្ឋក្រីក្រ»។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ឡើងវិញផងដែរថា នៅកម្ពុជា មិនដល់ថ្នាក់គ្រូពេទ្យ ១០០ ខូច ៩០នាក់ ដូចការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត គួច ម៉េងលី នោះឡើយ។
សម្តេចបានបញ្ជាក់ដូច្នេះ «បើគ្រូពេទ្យខូច ៩០ភាគរយ បានន័យថា ស្រុកខ្មែរអាលាយហើយ អាលាយ...។ ខ្ញុំមិនយល់ស្របទេ ប៉ុន្តែ យើងទទួលស្គាល់ថា យើងនៅមានចន្លោះប្រហោង មានបុគ្គលពេទ្យមួយចំនួនមានឥរិយាបថខុសឆ្គង យើងត្រូវកែប្រែឥរិយាបថទាំង នោះ បើសម្តីអាក្រក់បន្ថយសម្តីអាក្រក់ទាំងអស់នោះទៅ ពិបាកបំផុតពេលយើងអត់ថ្នាំ បើយើងមានថ្នាំហើយមានអីពិបាក គ្រាន់តែ យើងកុំប្រើសម្តីអាក្រក់ទៅ»៕