(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងថ្នាក់ដឹកនាំមួយចំនួនទៀត នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាជាអង្គបោះឆ្នោត នៅឃុំបឹងទូក ស្រុកទឹកឈូ ដែលជាចំណែកឃុំត្រូវកាត់ចេញ ដើម្បីបង្កើតក្រុងបូកគោ តាមអនុក្រឹត្យលេខ៣៨ អនក្រ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោក ជាវ តាយ បានលើកបញ្ជាក់ថា ការជួបជុំសមាជិកក្រុមប្រឹក្សា ដែលជាអង្គបោះឆ្នោតនាពេលនេះ គឺជាការចាំបាច់សំខាន់ក្នុងគោលបំណង ដើម្បីពង្រឹងស្មារតីឆន្ទៈឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នាពេលខាងមុខ ឲ្យស្របតាមច្បាប់ ស្ដីពីការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាការស្របតាមលិខិតបទដ្ឋាន និងការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលផងដែរ។ ពិសេសស្របទៅតាមការកំណត់សមាជិកក្រុមប្រឹក្សា សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នាខាងមុខនេះ ឲ្យប្រសិទ្ធភាព និងមានភាពរលូន។

លោកក៏បានផ្ដាំផ្ញើដល់ សមាជិកក្រុមប្រឹក្សាឃុំបឹងទូកទាំងអស់ ដែលជាអង្គបោះឆ្នោតនាពេលខាងមុខនេះ សូមយកចិត្តទុកដាក់ត្រៀមលក្ខណៈឯកសារផ្ទាល់ខ្លួនឲ្យបានរួចរាល់គ្រប់គ្រាន់ មុនការបោះឆ្នោតមកដល់ គឺចៀសវាងអវត្តមាន ឬអាក់ខានមិនបានចូលរួមបោះឆ្នោត។ ដោយធ្វើយ៉ាងណា ត្រូវសម្ដែងឆន្ទៈដើម្បីរួមគ្នាកសាងអភិវឌ្ឍសេដ្ឋកិច្ចក្រុងបូកគោ ដែលជាក្រុងទើបបង្កើតថ្មីនេះឲ្យអស់សក្ដានុពលក្នុងតំបន់ ស្របតាមគោលការណ៍របស់ខេត្ត ពិសេសការអនុវត្តតាមគោលនយោបាយកម្មវិធីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែរីកចម្រើន និងល្អប្រសើរថែមទៀត រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

សូមរំលឹកថា រាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ ខេត្តកំពត។ ក្រុងបូកគោ ដែលទើបបង្កើតថ្មីនេះមាន សង្កាត់ចំនួន៣ គឺសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក ដែលមានសមាជិកក្រុមប្រឹក្សា និងជាអង្គបោះឆ្នោត សរុប ១៧នាក់ នឹងត្រូវរៀបចំការបោះឆ្នោតលើកទី១ ក្នុងពេលខាងមុខនេះ ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការគណបក្សខេត្ត បានឧបត្ថម្ភថវិកាសម្រាប់បម្រើការក្នុងគណបក្សឃុំបឹងទូក ៥០ម៉ឺនរៀល និងសមាជិកក្រុមប្រឹក្សា ដែលជាអង្គបោះឆ្នោត រួមនឹងមន្ត្រីឃុំចូលរួមទាំងពីរឃុំ សរុប ១១នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល សរុបថវិកា១លាន ៥ម៉ឺនរៀល៕