(ភ្នំពេញ)៖ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា បានចាត់តំណាងផ្តល់អំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកណ្តាល រួមមាន ថវិកា ៥.០០០ដុល្លារ រួមទាំងសម្ភារៈ និងស្បៀងមួយចំនួន ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីឧបត្ថម្ភដល់កងកម្លាំង និងជួយទ្រទ្រង់ជីវភាពពលរដ្ឋ ដែលរងផលប៉ះពាល់ពីកូវីដ-១៩។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៨ ខែឧសភា នៅសាលាខេត្តកណ្តាល ក្រោមវត្តមានលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក កែវ សូថា តំណាងលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ដោយមានថវិកា ៥.០០០ដុល្លារ រួមទាំងសម្ភារ និងស្បៀងដូចជា ទឹកស្ព្រីងធម្មជាតិប្រូវីដា ចំនួន ២.០០០កេស, ទឹកពិសាភ្នំជប់ ចំនួន ៥.០០០យួរ, ត្រីខចំនួន ៥០កេសធំ (៥ពាន់កំប៉ុង)និង អាកុល ចំនួន ៣០កាន (៩០០លីត្រ) ផងដែរ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ដែលបានផ្តល់អំណោយសប្បុរសធម៌ ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ។

លោកចាត់ទុកថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រដ្ឋបាលខេត្តកណ្តាល និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩៕