(ភ្នំពេញ)៖ អ្នកបើកបរស្រវឹងចំនួន ៩នាក់ទៀតហើយ ដែលត្រូវកម្លាំងនគរបាលចរាចរណ៍ឃាត់ខ្លួន នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង បន្ទាប់ពីពិនិត្យឃើញថា អ្នកបើកបរទាំង៩នាក់នោះ មានផ្ទុកកម្រិតជាតិអាល់កុលក្នុងខ្លួនខ្លាំងពេក មិនអាចត្រឹមតែពិន័យ ឬអប់រំ។
យោងតាមរបាយការណ៍លទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ របស់សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យមានចំនួន១២៩៦គ្រឿង (ម៉ូតូចំនួន៨៤៥ គ្រឿង និងរថយន្ត៤៥១ គ្រឿង) យានយន្តដែលបានចេញប័ណ្ណ ពិន័យបទល្មើសចំនួន៣៣៤ គ្រឿង (ម៉ូតូ២៣៨ គ្រឿង និង រថយន្ត៩៦គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥ ចំនួន៣នាក់ ជាអ្នកបើកបរម៉ូតូ, ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម៣នាក់ (ម៉ូតូម្នាក់ និងរថយន្តចំនួន២នាក់)។
លើសពីនេះ កម្លាំងនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន៩នាក់ ក្នុងនោះ អ្នកបើកម៉ូតូ៧នាក់ មានកម្រិតជាតិអាល់កុល ចាប់ពី០,៥៧ ដល់១,០១Mlg/ខ្យល់ និងអ្នកបើករថយន្ត ២នាក់ មានកម្រិតជាតិស្រវឹងចាប់ពី ០.៤០ ដល់០.៧០Mlg/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេល៣៤លើក សមត្ថកិច្ចបានឃាត់អ្នកបើកបរ យានយន្តចំនួន ២៦៥ នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៦៣នាក់ និងអ្នកបើកបរម៉ូតូចំនួន២០២នាក់៕