(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅធម្មតា ប៉ុន្ដែអាចធ្វើតេស្ដរហ័សរកជំងឺកូវីដ១៩ជាមុន ប្រសិនបើចាំបាច់។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សេចក្ដីក្រើនរំលឹកណែនាំនេះ ធ្វើឡើងដើម្បីធានាឲ្យមានប្រក្រតីភាព ក្នុងការផ្ដល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងស្ថានភាពដែលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ដើម្បីបង្កើនប្រសិទ្ធភាព និងធានាឲ្យមានប្រក្រតីភាព ក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំលឹកបន្ថែមដូចខាងក្រោម៖

* សម្រាប់អ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់ ចូលមកមន្ទីរពេទ្យ គ្រូពេទ្យអាចប្រើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ១៩ សម្រាប់ធ្វើការញែកអ្នកជំងឺ ប្រសិនបើចាំបាច់។

* រៀបចំឲ្យមានបន្ទប់ដាច់ដោយឡែកបន្ថែម សម្រាប់ផ្ដល់សេវាព្យាបាល សង្គ្រោះបន្ទាន់ វះកាត់ និងសម្ភព តាមលក្ខណៈបច្ចេកទេស ដល់អ្នកជំងឺដែលបានរកឃើញវិជ្ជមានកូវីដ១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង រហូតដល់អ្នកជំងឺមានស្ថានភាពធូរស្រាលសមស្រប មុននឹងបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល។

* មន្ទីរពេទ្យត្រូវបន្ដធានានិរន្ដរភាពសេវាសុខាភិបាលជាសារវ័ន្ដ ដោយផ្ដល់សេវាជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាល។

ខាងក្រោមនេះ ជាសេចក្ដីណែនាំក្រើនរំលឹករបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖