(ស្វាយរៀង)៖ រដ្ឋបាលខេត្ដស្វាយរៀង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ក្នុងនោះ៣នាក់នៅស្រុកស្វាយជ្រំ និងម្នាក់ទៀតជាជនជាតិវៀតណាម ជាអ្នកដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្ដរជាតិបាវិត។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្ដស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នអ្នកជំងឹកូវីដ១៩ដែលទើបរកឃើញនេះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ បាវិត។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត អំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឹកូវីដ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាំព ក្នុងករណីមានអាការៈខុសប្រក្រតី ដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាករកជំងឺកូវីដ១៩៕