(កំពង់ស្ពឺ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានផ្តល់នូវអគារបណ្តាល័យដ៏ស្រស់ស្អាត មួយខ្នង ជូនដល់សាលាបឋមសិក្សាស្វាទាប ស្ថិតក្នុងភូមិស្នូល ឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីបម្រើដល់ការសិក្សារបស់សិស្សានុសិស្ស ដែលត្រូវការបណ្ណាល័យជាចាំបាច់។
លោក ឌុច ប៊ុនណា តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យសាលាបឋមសិក្សា ស្វាយទាបនេះថា រហូតមកដល់ពេលបច្ចុប្បន្ន ប្រាសាក់ បានផ្តល់អគារបណ្ណាល័យ ចំនួន៣ខ្នង ជូនដល់សាលារៀនចំនួន ៣ នៅក្នុងខេត្តកំពង់ស្ពឺ។
លោកបន្ដថា សាលារៀនទាំងបីនោះគឺ សាលាបឋមសិក្សារយៀប ស្ថិតក្នុងភូមិកណ្តាល ឃុំវល្លិស ស្រុកសំរោងទង, សាលាបឋមសិក្សាអង្គប្រាសាទ ស្ថិតក្នុងភូមិពេជ្រសង្វា សង្កាត់ច្បារមន ក្រុងច្បារមន, និងសាលាបឋមសិក្សាស្វាយទាប ដែលបានបើកដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃថ្មីៗនេះផងដែរ។
ទន្ទឹមនឹងនោះ លោក ស៊ូ វណ្ណថន នាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស នៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ប្រាសាក់ ថ្លែងថា «ជំនួសមុខឲ្យក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណា ព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ពិសេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងដៃគូទាំងអស់ដែលបានសម្រួល និងផ្តល់ការសហការយ៉ាងល្អនាពេលកន្លងមក ដើម្បីឲ្យគម្រោងបណ្ណាល័យនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ពិសេស អគារបណ្ណាល័យនេះជានិមិត្តរូបមិនចេះរីងស្ងួត នៃទំនាក់ទំនង និងការយកចិត្តទុកដាក់ ចំពោះគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុង សហគមន៍ទាំងមូល»។
លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនលូតលាស់របស់ ប្រាសាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងធំជាងគេនៅកម្ពុជា ទាំងចំនួនបណ្តាញការិយាល័យប្រតិបត្តិការ ទ្រព្យ សកម្ម ដើមទុន សម្ពៀតឥណទាន និងប្រាក់បញ្ញើសន្សំផងនោះ ប្រាសាក់បានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងកិច្ចការ ការពារអតិថិជន និងការបង្វែរនូវប្រាក់ចំណេញរបស់ខ្លួនជូនអតិថិជនតាមរយៈ ចូលរួមកិច្ចការងារអភិវឌ្ឍសង្គមជាច្រើនដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់សម្រាប់អតិថិជនដែល ទទួលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ការឧបត្ថម្ភ និងការបរិច្ចាគថវិកា ក្នុងកិច្ចការសង្គមនិងកិច្ចការមនុស្សធម៌ផ្សេងៗ ជាពិសេស ការងារអភិវឌ្ឍបណ្ណាល័យនៅតាមសាលា រៀននានាក្នុងប្រទេសកម្ពុជា ទាំងបណ្ណាល័យកម្រិតបឋមសិក្សា និងបណ្ណាល័យកម្រិតមធ្យមសិក្សា។
លោកថា ថ្ងៃនេះជាការដាក់សម្ពោធអគារបណ្ណាល័យទី ១៤ ក្នុងចំណោមអគារបណ្ណាល័យ ទាំង ១៧ ដែលឧបត្ថម្ភនិងគាំទ្រថវិកាដោយ ប្រាសាក់ និងសហគមន៍ ហើយបណ្ណាល័យនេះក៏ជា កេរមរតករបស់ ប្រាសាក់ និងជាទ្រព្យដ៏ល្អវិចិត្រសម្រាប់ទុកជូនសិស្សានុសិស្ស ដែលជាកូនចៅរបស់ ប្រជាពលរដ្ឋក្នុងសហគមន៍ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។
គួរបញ្ជាក់ថា ជាមួយនឹងបណ្តាញការិយាល័យប្រតិបត្តិការចំនួន ១៨១ សាខា នៅទូទាំងប្រទេស និងមាន បុគ្គលិកបម្រើការចំនួនជាង ៥.០០០ នាក់ កំពុងរង់ចាំបម្រើអតិថិជនប្រកបដោយភាពរីករាយ និងផ្តល់ភាពកក់ក្តៅដល់គ្រប់អតិថិជនទាំងអស់៕