(កំពង់ឆ្នាំង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី រួមសកម្មភាពដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បាននាំយកនូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជូនដល់ប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជាខ្លាំង មានចំនួន ២៤៥ គ្រួសារ ដែលរស់នៅក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ គឺដោយសារការរលំផ្ទះទាំងស្រុងចំនួន ១៧ ខ្នង និងរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ២២៨ ខ្នង ដែលបានកើតឡើងនៅក្នុងស្រុកចំនួន ៤ រួមមាន ស្រុកកំពង់ត្រឡាចមានចំនួន ៦៩ ខ្នង ក្នុងនោះរលំទាំងស្រុងចំនួន ៩ ខ្នង ស្រុករលាប្អៀរមានចំនួន ៧៩ ខ្នង ក្នុងនោះរលំទាំងស្រុងចំនួន ៣ ខ្នង ស្រុកសាមគ្គីមានជ័យមានចំនួន ៨៨ ខ្នង ក្នុងនោះរលំទាំងស្រុងចំនួន ៥ ខ្នង និងស្រុកជលគិរីមានចំនួន ៩ ខ្នង។

សម្តេចចៅហ្វាវាំង គង់ សំអុល បានជម្រាបជូននូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះអង្គមានព្រះរាជហឫទ័យផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្ត្រ និងព្រួយបារម្ភអំពីស្ថានភាពនៃជីវភាពរស់នៅរបស់ប្រជារាស្ត្រ ដែលបានទទួលរងគ្រោះដោយមហន្តរាយនៃខ្យល់កន្ត្រាក់នាពេលនេះ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅក្រៃលែងចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលរស់នៅតាមបណ្តាមូលដ្ឋានក្នុងស្រុកនៃខេត្តកំពង់ឆ្នាំង ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ក្នុងបញ្ហាជីវភាពជាខ្លាំងដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព និងការខូចខាតនូវភោគផលដំណាំទ្រព្យសម្បត្តិផ្សេងៗជាដើម។

ហេតុនេះ ហើយព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានសម្តេចចៅហ្វាវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គនាំមកនូវព្រះរាជអំណោយចែកជូនប្រជារាស្ត្រទាំង ២៤៥ គ្រួសារក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង ដែលបានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នាពេលកន្លងមក។

ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ដែលសម្តេចចៅហ្វាវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានជូនដល់ប្រជារាស្ត្រទទួលរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួនសរុបជាមេគ្រួសារ ២៤៥នាក់ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ៥០គ.ក្រ, ឃីត ១កញ្ចប់ (មានមុង ១ ភួយ១ ក្រមា ១ សារុង ១) មី ១កេស ស្មើនឹង៣០កញ្ចប់, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ៨សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះរលំផ្ទះចំនួន ១៧ខ្នង និងថវិកាចំនួន ៤សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ២២៨ខ្នង។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង នៅពេលនេះគឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ ទឹកជំនន់ និងភាពរាំងស្ងួតជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ដោយបន្តព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លាពីព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយសំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានភូមិ-ឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយ រស់នៅក្នុងស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំង បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងបានថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕