(ភ្នំពេញ)៖ កញ្ញា ឃុំ ច័ន្ទតារាទី ហៅ «ស្រីមុំ» ដែលរងការចោទប្រកាន់ថាមានរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា ហើយធ្លាយសម្លេងតាមបណ្តាញផ្សព្វផ្សាយ បានអះអាងថា នៅថ្ងៃសុក្រ ទី១១ ខែមីនា ខាងមុខនេះ កញ្ញានឹងចូលបំភ្លឺនៅក្រសួងមហាផ្ទៃ។
ថ្លែងតាមរយៈកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ កញ្ញា ស្រីមុំ ដែលមានសម្លេងដូចទៅនឹងតួឯកស្រីក្នុងខ្សែអាត់សម្លេង បាននិយាយថា នាងបានទទួលលិខិតអញ្ជើញចំនួន២ដងពីក្រសួងមហាផ្ទៃ ដែលលិខិតនោះ ត្រូវបានបងប្អូនរបស់នាងយកមកជូននាង។ កញ្ញានិយាយថា «ថ្ងៃទី១១ ត្រូវនឹងថ្ងៃសុក្រហ្នឹង គេអញ្ជើញខ្ញុំទៅជាលើកទី២ ...ខ្ញុំនឹងទៅ ខ្ញុំទៅដើម្បីបំភ្លឺរឿងហ្នឹង ...នៅម៉ោង៧ព្រឹក»។
សូមជំរាបថា នៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ កញ្ញា ខំ ច័ន្ទតារាទី ហៅ «ស្រីមុំ» ដែលរងការចោទថាមានរឿងអាស្រូវស្នេហាជាមួយ លោក កឹម សុខា បានចេញមុខស្វែងរកអន្តរាគមន៍ពី អង្គការអាដហុក ដើម្បីស្នើឱ្យរកយុត្តិធម៌ដល់នាង។
«ស្រីមុំ» បាននិយាយថា សម្លេងដែលបែកធ្លាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយ និង Facebook កន្លងទៅនោះ មិនមែនជាសម្លេងរបស់នាងនោះទេ ហើយថា នាងធ្លាប់បានជួបលោក កឹម សុខា និងធ្លាប់បាននិយាយទូរស័ព្ទជាមួយគ្នា ពេលលោក កឹម សុខា ទៅកាត់សក់ នៅក្នុងហាងដែលនាងបំរើការ ប៉ុន្តែមិនដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាទេ។