(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តទទួលបន្ទុកផែនព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន ចុះចែកអំណោយស្បៀងអាហារដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៤២៥គ្រួសារ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ រួមមាន៖ នៅភូមិក្បាលស្ពាន១ ចំនួន៣២៥គ្រួសារ និងភូមិសាមគ្គីមានជ័យ ចំនួន១០៤គ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត និង ប្រជាពលរដ្ឋ ភូមិផ្សារកណ្ដាល មួយចំនួនផងដែលក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី និងលោក គាត ហ៊ុល បានបន្តចុះចែកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពុកម៉ែបងប្អូនជាបន្តបន្ទាប់។ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាខ្វះខាតស្បៀងជាក់ស្តែង សូមទំនាក់ទំនងមកក្រុមការងារតាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តក្រុងប្រកាសជូនជ្រាបកន្លងមក ដើម្បីដោះស្រាយដោយតម្លាភាព។

នៅក្នុងឱកាសនោះ អាជ្ញាធរខេត្ត ក្រុង បានពាំនាំកាសួរសុខទុក្ខ ពីថ្នាក់ដឹកនាំក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុងនឹងបន្តចែកជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយបក្សពួកណាមួយឡើយ ហើយនឹងធ្វើជាបន្តបន្ទាប់ រាប់ពាន់គ្រួសារទៀត ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋដាច់ស្បៀងអាហារនោះឡើយ៕